FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ ចូលរួមទស្សនាផ្ទាល់កម្មវិធីប្រកួតប្រដាល់ ដ្រាហ្គិនគុនខ្មែរនិង គ្រុឌគុនខ្មែរ លក្ខណៈជាតិ អន្តរជាតិ នៅខេត្តស្ទឹងត្រែង

01-03-2026 13:54

(ស្ទឹងត្រែង)៖ ក្នុងបរិយាកាសអ៊ូអរ និងពោរពេញដោយភាពរំភើបរីករាយ បានកើតឡើងយ៉ាងកក្រើកនៅខេត្តស្ទឹងត្រែង ក្នុងឱកាសនៃការរៀបចំកម្មវិធីប្រកួតប្រដាល់ គុនខ្មែរ លក្ខណៈជាតិអន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងលើកស្ទួយកីឡាប្រដាល់គុនខ្មែរ ព្រមទាំងជំរុញវិស័យទេសចរណ៍ក្នុងខេត្ត។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈប្រូវើរី និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ទស្សនិកជន និងភ្ញៀវទេសចរ ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ជាង ៣០,០០០នាក់។

ក្នុងព្រិត្តឹការណ៍នេះក៏មានការចូលរួមជាអធិបតីទស្សនាផ្ទាល់ពី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ​ ប្រ៊ូវើរី ព្រមទាំងមានចូលរួម ពី ថ្នាក់ដឹកនាំខេត្ត និង ភ្ញៀវកិត្តិយល ជាច្រើនរូប ។

គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីលើកស្ទួយ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ស្របពេលជាមួយគ្នានេះ ក៏រួមចំណែកបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តស្ទឹងត្រែងផងដែរ។ ការចូលរួមយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានបញ្ជាក់ពីសក្ដានុពលខេត្តក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ និងសកម្មភាពវប្បធម៌សង្គមផ្សេងៗ។

កម្មវិធីដ្រាហ្គិនគុនខ្មែរនិង គ្រុឌគុនខ្មែរ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់មួយក្នុងការបង្ហាញអត្តសញ្ញាណជាតិ និងមោទនភាពលើកីឡាគុនខ្មែរ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរ ឲ្យកាន់តែភ្លឺច្បាស់លើឆាកអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ ហើយ ដែលស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈប្រូវើរី បាននាំយកព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មករៀបចំក្នុងទឹកដីខេត្តស្ទឹងត្រែង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរពីបណ្តាខេត្តផ្សេងៗ។ ភាពជោគជ័យជាបន្តបន្ទាប់នេះ បានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកស្ទួយកីឡាជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមនៅមូលដ្ឋានឲ្យកាន់តែរីកចម្រើន៕