ក្រុមក្មេងទំនើង ២១នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចាប់វាយខ្នោះ បញ្ជូនទៅតុលាការ
01-03-2026 13:50
(ត្បូងឃ្មុំ)៖ សមត្ថកិច្ចជំនាញ បានសហការគ្នាបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ករណីហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា និងករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់) ចំនួន៧ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងសរុបបានចំនួន ២១នាក់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នគរបាលនៃអធិការដ្ឋាននគតបាលក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ករណីទាំង០៧នោះរួមមាន៖
ទី១៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-9815 នៅចំណុចភូមិត្រពាំងឈូក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទី២៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ កំពង់ចាម 1AF-6240 នៅចំណុចភូមិរកាពប្រាំទី២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ទី៣៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-4113 នៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។
ទី៤៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-6159 នៅចំណុចភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៦ ។
ទី៥៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8357 នៅចំណុចភូមិ៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ទី៦៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-9478 នៅចំណុចភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ទី៧៖ កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក SCOOPY សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ1LC-9079 នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
របាយការណ៍បញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួក៥នាក់ទៀត កំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងតាមចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់ជាបន្ត៕


























