FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណបក្សប្រជាជនខេត្តតាកែវ

01-03-2026 13:38

(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជណកម្ពុជាចុះជួយខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ។

ពិធីនេះក៏មានការចូលរួមពីឮសមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ ចំណុះខេត្តតាកែវ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣៤០រូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

ក្នុងកិច្ចប្រជុំនេះ លោក ជា វ៉ាន់ដេត ក៏បានលើកឡើងអំពីសភាពការណ៍តំបន់និងពិភពលោក ជាពិសេសការវិវត្តគួរឱ្យកត់សម្គាល់នៃបម្រែបម្រួលភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ និងវិបត្តិសង្រ្គាមនៅលើសកលលោក ដែលនឹងបង្កផលវិបាកជាយថាហេតុដល់កម្ពុជា។

បន្ថែមលើនេះ លោកក៏បានជម្រាបជូនសមាសជិក សមាជិកានៃកិច្ចប្រជុំអំពីសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបូរាណ និងបង្កឱ្យមានការបាត់បង់អាយុជីវិតប្រជាជនស៉ីវិល ហើយយោធាថៃបានចូលកាន់កាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ការពង្រឹងខឿនការពារជាតិ និងឯកភាពជាតិខ្មែរ គឺជាកត្តាចាំបាច់បំផុតសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាឈ្លានពាននេះ ដោយសន្តិវិធីនិងតាមយន្តការច្បាប់អន្តរជាតិ។

ជាមួយគ្នានោះ លោក ជា វ៉ាន់ដេត ក៏បានថ្លែងការកោតសរសើរក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ជាពិសេសត្រូវបន្តចុះជួបនិងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាល៕