លោកស្រីបណ្ឌិត បាន ស្រីមុំ ជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារវីរកងទ័ពជួរមុខនៅខេត្តប៉ៃលិន
01-03-2026 11:42
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារយុទ្ធជនវីរកងទ័ពខេត្តប៉ៃលិន ដែលបំពេញការងារជួរមុខ នៅតាមបណ្តាខេត្តនានា ដើម្បីចង់ដឹងពីសុខទុក្ខ និងជីវភាពរស់នៅ ជាការលើកទឹកចិត្ត ដល់យុទ្ធជន កំពុងឈរជើងការពារបូរណភាពទឹកដី។
ថ្លែងក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខ នឹករលឹក និងការគិតគូរខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះគ្រួសារវីរកងទ័ពទាំងអស់ ដោយមិនទុកបងប្អូនចោលឡើយ និងតែងតែមើលថែឧបត្ថម្ភ ទំនុកបម្រុង ជានិច្ចពោលគឺដើម្បីកុំឱ្យបងប្អូនវីរកងទ័ព មានការព្រួយបារម្ភ ចំពោះក្រុមគ្រួសារ ឬសាច់ញាតិ ព្រោះវីរកងទ័ពត្រូវ មាន កាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដី នៅជួរមុខ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា ទឹកចិត្តរបស់វីរកងទ័ពជួរមុខ គឺជាការលះ បង់ ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែ គោរព ស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃ ជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ហើយត្រូវតបស្នងសងគុណ ចំពោះ គុណ បំណាច់របស់វីរកងទ័ព និងកងកម្លាំងគ្រប់ប្រភេទដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយត្រូវចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបានឡើយ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រួសារកងទ័ពជួរមុខទាំងអស់ សូមថែរក្សា សុខុមាលភាព និងអនាម័យបរិស្ថាន នៅតាមលំនៅឋានភូមិ ឃុំ សង្កាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត គឺគ្មានសំរាម នៅ តាមដងផ្លូវសាធារណៈ ទីប្រជុំជន សាលារៀន វត្តអារាម គ្រឹះស្ថានសិក្សា ដែលទាមទាឱ្យយើងទាំងអស់គ្នាចូលរួម និងត្រូវ ចេះ សាមគ្គីគ្នា ក្នុងស្មារតីជាតិតែមួយ ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជ រដ្ឋាភិបាលបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕










