ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន២៥តោនដល់កម្ពុជា ក្នុងឱកាសខែរ៉ាម៉ាឌនឆ្នាំ២០២៦
01-03-2026 11:36
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អំណោយមនុស្សធម៌ផ្លែល្មើ ចំនួន២៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជាក្នុងខែរ៉ាម៉ាឌនឆ្នាំ២០២៦ ពីមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief)។
ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) និងមានវត្តមានចូលរួមពីសំណាក់ លោក អាប់ឌុលឡោះ អាប់ឌុលអាហ្ស៊ីស អាល់-ហូសាន ភារធារីស្ថានទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននិងលោក នីស៊ើត តឡាគី តំណាងមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSrelief)។
ក្នុងឱកាសនោះ លោកភារធារីស្ថានទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីប្រគល់-ទទួលផ្លែល្មើចំនួន២៥តោន ពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ ហើយនេះ ជាដំណាក់កាលទី៤ហើយ នៃកម្មវិធីផ្តល់អំណោយសប្បុរសធម៌របស់មជ្ឈមណ្ឌលមកកាន់កម្ពុជា។
ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាពិសេសព្រះចៅ សាល់ ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីស និងស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា តែងតែផ្តល់នូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្មតាមរយៈជំនួយមនុស្សធម៌នានាមកកាន់កម្ពុជា។ លោកបណ្ឌិតាង្ឃឹមថា តាមរយៈទំនាក់ទំនងដែលភាគីទាំងពីរមានសព្វថ្ងៃនេះ ជាស្ពានមួយដើម្បីឈានដល់ការធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យទាំងអស់ នៅពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី សូមបួងសួងពីព្រះអល់ឡោះ ជូនចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស និងព្រះអង្គម្ចាស់ មហាម៉ាត់ ប៊ីន សាល់ម៉ាន ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត សូមឲ្យមានសេចក្តីសុខ សេចក្តីចម្រើន និងមានព្រះរាជសុខភាពបរិបរណ៍ ដែលលោកទាំងពីរ ជាថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារមនុស្សធម៌ នៅទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕























