FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកិច្ចការសាសនាឥស្លាមអារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន ដល់សហគមន៍ឥស្លាមកម្ពុជា

01-03-2026 11:33

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន ពីក្រសួងកិច្ចការសាសនាឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ក្នុងខែរ៉ាម៉ាឌនឆ្នាំ២០២៦។

ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ(PPIC) និងមានវត្តមានចូលរួមពីសំណាក់ លោក អាប់ឌុលឡោះ អាប់ឌុលអាហ្ស៊ីស អាល់-ហូសាន ភារធារីស្ថានទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងហាណូយ លោក អាលី អាល់ស្លៀហវី តំណាងក្រសួងកិច្ចការសាសនាឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោក អាប់ឌុលឡោះ អាប់ឌុលអាហ្ស៊ីស អាល់-ហូសាន ភារធារីស្ថានទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីប្រគល់-ទទួលផ្លែល្មើ ដែលមានគុណភាពខ្ពស់សម្រាប់ចែកជូនសហគមន៍ឥស្លាមកម្ពុជា ដែលនេះជាអំណោយលើកទី២ ដែលបានធ្វើនៅកម្ពុជា។

លោកបន្តថា សម្រាប់ឆ្នាំនេះមានជាផ្លែល្មើចំនួន៥តោន មកពីក្រសួងកិច្ចការសាសនាឥស្លាមអារ៉ាប៊ីសាអូឌីត និងមានជាការរៀបចំជាអាហារស្រាយបួសដែលជាអំណោយរបស់ ព្រះចៅ សាល់ ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតចំនួន ១២០០នាក់ សម្រាប់បងប្អូនសាសនិកឥស្លាមកម្ពុជា នៅឆ្នាំ២០២៦ ហើយសង្ឈឹមថា និងផ្តល់ជូនបន្ថែមទៀតនាពេលអនាគត។ លោកបានថ្លែងអំណរអរគុណទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលតែងតែយកចិត្តទុកដាក់ និងសហការយ៉ាងសកម្ម ក្នុងការធ្វើការងារ ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាការសាងសង់វិហារឥស្លាម សាលារៀន និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន និងអំណោយមនុស្សធម៌ផ្លែល្មើ។ល។ ជាក់ស្តែងនាពេលនេះ ក្រសួងកិច្ចការសាសនាអារ៉ាប៊ីសាអូឌីតបានផ្តល់ផ្លែល្មើចំនួន៥ តោនដល់សហគមន៍ឥស្លាមកម្ពុជា ខណៈឆ្នាំ២០២៥កន្លងទៅ ក៏ផ្តល់ចំនួន៥តោនផងដែរ និងមានអំណោយជាច្រើនផ្សេងទៀត នេះក៏ដោយសារទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែមានភាពល្អប្រសើរឡើងៗ។

លោកទេសរដ្ឋមន្ត្រី សូមបួងសួងពីអល់ឡោះជាម្ចាស់ ជូនចំពោះព្រះចៅ សាល់ ម៉ាន ប៊ិន អាប់ឌុលអាហ្ស៊ីស អាល់ស៊ូដ ព្រះមហាក្សត្រព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាមអារ៉ាប៊ីសាអូឌីត សូមទទួលបាននូវព្រះរាជសុខភាពបូរិបរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរីកចម្រើនរុងរឿង និងជាម្លប់សម្រាប់ប្រជាជនទាំងក្នុងប្រទេស និងសហគមន៍មូស្លីមទូទាំងសកលលោក៕