រដ្ឋមន្ត្រី ឈាង រ៉ា សរសើរភាពអង់អាច និងស្មារតីតស៊ូរបស់ក្រុមគ្រូពេទ្យនៅតាមបន្ទាត់ព្រំដែន ដែលនៅកៀកជិតមើលថែសុខភាពវីរកងទ័ព នគរបាល និងប្រជាជនភៀសសឹក
01-03-2026 11:28
(បាត់ដំបង)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងកោតសរសើរនូវភាពអង់អាច ស្មារតីតស៊ូរបស់ក្រុមគ្រូពេទ្យទាំងអស់ ពិសេសក្រុមគ្រូពេទ្យដែលបម្រើសេវាសុខាភិបាល នៅតាមបន្ទាត់ព្រំដែន ដោយបាននៅកៀកជិតជាមួយប្រជាពលរដុ្ឋ មើលថែសុខភាពគាត់ ទាំងវីរកងទ័ព នគរបាល និងប្រជាជនភៀសសឹកនាពេលកន្លងមក ។
ការថ្លែងយ៉ាងដូចច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខ នៅមណ្ឌលសុខភាពបួរ ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាចុងខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ នៅក្នងមណ្ឌលដែលជាមណ្ឌលសុខភាពយុទ្ធសាស្រ្តអំឡុងពេលរងផលប៉ះពាល់ពីការឈ្លាពានព្រំដែន កម្ពុជា-ថៃ។
បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព តាមរយៈការរីកចម្រើននានា ការរៀបចំបរិស្ថានស្អាត ហេដ្ឋារចនាសម្ព័ន្ធល្អ ការបម្រើសេវាប្រកបដោយភាពនឹងនរ និងស្មារតីរឹងមាំ សហការគ្នា សាមគ្គីគ្នា ក្នុងការបម្រើសេវាបានយ៉ាងល្អប្រសើរ ប្រកបដោយការច្នៃប្រឌិតខ្ពស់៕


































