FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាសនិកឥស្លាមនៅខេត្តពោធិ៍សាត់ ទទួលអំណោយកញ្ចប់អាហារស្រាយបួសចំនួន២៥០កញ្ចប់ ពីអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ

01-03-2026 11:23

(ពោធិ៍សាត់)៖ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា តំណាងទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន២៥០កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់លោក ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័នយុវជនមុស្លិមកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធការ និងអាជ្ញាធរមូលដ្ឋាន។

កញ្ចប់អាហារស្រាយបួសនេះ ទទួលបានការឧបត្ថម្ភ ពីអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

ថ្លែងនាឱកាសសំណេះសំណាល លោក រ៉ូហ្វី អូស្មានបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ លោកបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអង្គការមូនិធិ Diyanet នៃប្រទេសតួកគីយ៉េ ដែលជានិច្ចជាកាលតែងតែខិតខំប្រឹងប្រែង និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា។ លោកបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍ លោក ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានឲ្យដឹងថា កម្មវិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៦ របស់អង្គការមូលនិធិ Diyanet នៃសាធារណៈរដ្ឋតួកគីយ៉េ ផ្តល់ជូនតាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា (CMDF) សម្រាប់រៀបចំកញ្ចប់អាហារខែរ៉ម៉ាឌនមានចំនួន១៣០០កញ្ចប់ ចែកជូននៅតាមបណ្តារាជធានី ខេត្តចំនួន៥ មានដូចជានៅ ភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង, ធ្វើពិធីស្រាយបួសជូនសាសនិកឥស្លាមនៅភ្នំពេញ ចំនួន១០៥០នាក់ និងសម្លៀកបំពាក់ចំនួន៤០០កំផ្លែរ៕