ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បើកកិច្ចប្រជុំក្រុមការងាគណបក្សចុះមូលដ្ឋានស្រុក ដើម្បីរកបញ្ហាប្រឈមនិងរកដំណោះស្រាយ
01-03-2026 11:18
(កំពង់ធំ)៖ លោក សួស យ៉ារ៉ា ប្រធានកិត្តិយសចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដើម្បីរកបញ្ហាប្រឈម និងរកដំណោះស្រាយរួមគ្នា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ប្រមាណជាង ១០០នាក់។
នាឱកាសនោះលោកស្រី ឃួន ឃុនឌី បានកោតសរសើរដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលខិតខំប្រឹងប្រែងនឹងពង្រឹងសមត្ថភាពសមាជិកសមាជិកាគណបក្ស ពិសេសសមាជិកថ្មីដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងធ្វើយ៉ាងណាឲ្យពួកគាត់យល់ពីតម្លៃស្នូលរបស់គណបក្ស ក្នុងការស្វែងរកសុខសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល ហើយបើគ្មានសន្តិភាពទេគឺមិនមានអ្វីៗ រហូតដល់សព្វថ្ងៃនេះទេ។
លោកស្រីបន្តថា យើងមានរៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយដើម្បីសម្រេចគោលដៅនេះក្រុមការងារទាំងអស់ត្រូវតែត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលានិងទំនុកចិត្ត។
លោក សួស យ៉ារ៉ា មានប្រសាសន៍ថា ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំ ភូមិ រួមជាមួយគណបក្សឃុំសាខាបក្សភូមិ ត្រូវបន្តរួមគ្នាអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ក្នុងការបម្រើសេវាជូនប្រជាជន និងផែនការសំខាន់ៗមួយចំនួនទៀត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតដើម្បីទទួលបានជោគជ័យ ។
លោក សួស យ៉ារ៉ា ក៏បានជូនពរដល់ក្រុមការងារទាំងអស់ថែទាំសុខភាពឲ្យបានល្អដើម្បីបន្តដំណើរការគាំទ្រលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រទេសជាតិបានរីកចម្រើនដូចប្រទេសនានាលើសាកលលោក៕




















