ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជំរុញឱ្យមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
01-03-2026 11:15
(សៀមរាប)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានជម្រុញ ដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្ក្រាបឲ្យខាងតែបានបទល្មើសគ្រឿងញៀន ,ហ្គេមអនឡាញ កុំឲ្យកើតមាននៅក្រុងទេសចរណ៍មួយនេះ ព្រមទាំងបង្កើតឲ្យមានតំបន់កសិទេសចរណ៍នៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ ដើមី្បបង្កើនចំណូលជូនដល់ប្រជាពករដ្ឋក្នុងមូលដ្ឋាន ព្រមទាំងធ្វើការជ្រើសរើសទីតាំងបង្កើតផ្សារបោះដុំ ដែលជាទីប្រមូលផ្តុំកសិផលរបស់បងប្អូនកសិករដែលផលិតបាន នៅតាមមូលដ្ឋានខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងដូចនេះនាថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦នេះ នាឱកាសដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីវាយតម្លៃ លទ្ធផលការងារដែលបានអនុវត្តកន្លងមក និងកំណត់ទិសដៅផែនការសកម្មភាពសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការកសាងសមិទ្ធផលនិងការងារមនុស្សធម៌ ក្រុមការងារបានប្រើប្រាស់ធនធានដែលកៀរគរបាន ដើម្បីជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាផ្នែកមួយនៃការវិនិយោគលើមូលធនមនុស្ស និងសុខុមាលភាពសង្គម។ ចំពោះការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការកាត់បន្ថយបទល្មើសគ្រឿងញៀន និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងគោលការណ៍ ៨ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅអនុវត្ត និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឲ្យបន្តពង្រឹងការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈឲ្យបានកាន់តែញឹកញាប់ និងដិតដល់បំផុត ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋសំដៅស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពសមស្របជូនពួកគាត់។
ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនពាក់ព័ន្ធនឹងសេវាសាធារណៈ ទំនាស់ដីធ្លី និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជម្រុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក រៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីខ្មែរទៅតាមលទ្ធភាពដែលអាចធ្វើបាន ហើយក៏មិនបានប៉ះពាល់ដល់បញ្ហាការងារព្រំដែនផងដែរ។ ម៉្យាងទៀតរដ្ឋបាលខេត្ត ក្រុង ស្រុក ក៏ត្រូវធ្វើការរៀបចំបុណ្យភូមិជូនដល់បងប្អូនជនភៀសសឹកផងដែរ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ផ្អែកតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានបន្តរៀបចំយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមទាំងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យមានសកម្មផុលផុសតាមមូលដ្ឋាន។
លោកបន្ថែមថា សមាជិក សមាជិកា ក្រុមការងារទាំងអស់ នៃក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និងសម្ភារៈក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដោះស្រាយបញ្ហាលំបាក សំណូមពរ និងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ គុណភាព តម្លាភាព ប្រសិទ្ធភាព ពិសេសការឧបត្ថម្ភផ្សេងៗ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ៕

















