ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦
01-03-2026 11:11
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និងដោយមានការចូលរួមពីលោក លោកស្រីមន្រ្តីគណបក្សកម្ពុជា ថ្នាក់ស្រុក ថ្នាក់ឃុំ យុវជនប្រមាណ ៣៣៧នាក់។
នាឱកាសោះលោក ហាក់ ម៉ុងហួត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្ស ដែលសម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទប់ស្កាត់សង្គ្រាមនៅតាមព្រំដែន និងបានបន្តស្វះស្វែងរកច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗ ក៏ដូចជាយន្តការអន្តរជាតិថ្មីៗបន្ថែមទៀត បន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តារឡើងវិញនូវស្ថិរភាព សន្តិភាពក្នុងតំបន់ជាច្រើនដែលមានជម្លោះ ឬសង្គ្រាម រួមទាំងជម្លោះព្រំដែនកម្ពុជាថៃផងដែរ។
លោក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យមន្ត្រីគណបក្សទាំងអស់ ពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ រួបរួមគ្នាការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឱ្យស្ថិតស្ថេរ និងរឹងមាំ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ បំផុសការគាំទ្រ និងជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការលើកកម្ពស់ស្មារតីជាតិនិយម និងលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិជុំវិញការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល, ការជំរុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក។
ស្របជាមួយគ្នានោះលោកក៏បានណែនាំឱ្យតាមដានជាប្រចាំ អំពីសភាពការណ៍សតិអារម្មណ៍ នយោបាយ និងការចាត់តាំងទាំងក្នុងគណបក្ស និងទាំងក្នុងប្រជាជន មហាជន និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីធានាការអនុវត្តជោគជ័យ រាល់ភារកិច្ចនយោបាយរបស់គណបក្ស។ បន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិ ត្រូវខិតខំកសាងសមាជិកបក្សឱ្យបានលើស ៨៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។
លោក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យពង្រឹង និងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សម្រាប់គោលដៅអ្នកបន្តវេន និងត្រៀមរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពក្រុមប្រឹក្សាឃុំ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២៧ ព្រមទាំងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋានឱ្យបានកាន់តែល្អ និងសកម្មថែមទៀត។
លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ក៏បានសំណូមពរមន្រ្តីគណបក្សបន្តចុះទៅដល់ផ្ទះប្រជាពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហារបស់បងប្អូនបានទាន់ពេលវេលាផងដែរ៕





















