FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន១២២០កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

01-03-2026 11:08

(កំពង់ចាម)៖ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន១២០០កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តកំពង់ចាម៦០០កញ្ចប់ និងត្បូងឃ្មុំ៦២០កញ្ចប់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសមានមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា អំណោយនេះ ទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ ផ្តល់ជូនចំនួន ៨៨៥០កញ្ចប់ដល់កម្ពុជា សម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តមួយចំនួន ហើយនៅបណ្តាខេត្តផ្សេងៗទៀត ទទួលបានអំណោយពីអង្គការសមាគមជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត ដែលកំពុងធ្វើសកម្មភាពចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌន ឆ្នាំ២០២៦នេះផងដែរ អង្គការទាំងនោះមកពីប្រទេសសិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូនេស៉ី តួកគីយ៉េ អាឡឺម៉ង់ គុយវែត និងផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌ សម្រាប់១០៧ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលតែងតែផ្តល់ជារៀងរាល់ឆ្នាំផងដែរ។

ទេសរដ្ឋមន្ត្រី បានបន្ដថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក ហើយឯកឧត្តមបានថ្លែងអំណរអរគុណប្រជាពលរដ្ឋ ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល និងសូមបន្តគាំទ្រ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរីកចម្រើនតទៅមុខទៀត។

ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ លោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕