សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
01-03-2026 10:18
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ។
ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីបំផុសនូវមនសិការស្នេហាជាតិ ចូលរួមការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និង កេរដំណែលដូនតាជាច្រើនទៀត ដែលជាអត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូប និងជាប្រភពមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយ និងលើកស្ទួយកិត្តិនាមរបស់កម្ពុជា ឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែត នៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌ » រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាក ដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព និងបរិយាបន្ន៕
ខាងក្រោមនេះជាសារាចរណែនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖





