សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ១២ចំណុច ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា
01-03-2026 07:54
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។
ក្នុងសារាចរនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំចំនួន១២ចំណុច ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា។
ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវាវប្បធម៌ជាតិ ក៏ដូចជាសារៈសំខាន់នៃការថែរក្សា ការពារ និងលើកតម្លៃមរតកវប្បធម៌ជាតិ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំ សម្រាប់ការប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្ដាញសង្គម ទៅតាមពេលវេលាសមស្របណាមួយ នៅក្នុងរយៈពេលដែលបានកំណត់នេះ និងតាមលទ្ធភាពជាក់ស្ដែង។
២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយ អំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្តឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹងការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក
និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិ នៅមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន
អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិ ឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះផងដែរ។
៣- ក្រសួងព័ត៌មាន ត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋ និងឯកជនទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។
៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។
៥- ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍
សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។
៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍
ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។
៧- ក្រសួងធម្មការនិងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិកឱ្យរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារ
សាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។
៨- ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំទៅអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឱ្យមានប្រសិទ្ធភាពនិង ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៩- រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចដោយផ្តោតលើការអប់រំរៀបចំកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន មហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សាការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយវប្បធម៌ នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។
១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាននិងសហគមន៍ខ្មែរនៅបរទេស ត្រូវចូលរួមប្រារព្ធនិងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗ
ដែលមានដូចជា ការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាពសមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្ដាញសង្គម។
១១- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ
តាមខ្លឹមសារដូចតទៅ៖
- អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
- កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌
- វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន
- កិច្ចការពារវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប
- យុវជនដើម្បីវប្បធម៌ជាតិ
- យុវជនជាកម្លាំងចលករក្នុងការថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ
- វប្បធម៌ជាព្រលឹង និងអត្តសញ្ញាណជាតិ
- ប្រាសាទបុរាណខ្មែរ គឺជាដួងព្រលឹងជាតិ
- វប្បធម៌រស់ក្នុងសន្តិភាព
- វប្បធម៌ចូលរួមថែរក្សាសន្តិភាព សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍ
- អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម
- ពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន
- ចំណេះជំនាញដូនតាជាមូលដ្ឋានគ្រឹះនៃកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព។
១២- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវ
ស្លៀកពាក់សមរម្យតាមបែបប្រពៃណីជាតិ។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕





