ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំងខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន
28-02-2026 14:31
(ប៉ៃលិន)៖ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ស្បៀងអាហារស្រាយបួសខែរ៉ាម៉ាឌន ព្រមទាំងថវិកា ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត នៅបរិវេណព្រះវិហារ ហាយ៉ាទុលខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក អ៊ី ឈាន បានលើកឡើងថា ប្រទេសកម្ពុជា បានក្លាយជាប្រទេសគំរូមួយនៅ លើឆាកអន្តរជាតិ ចំពោះការថែរក្សាសុខដុមនីយកម្មសាសនា ក្រោមដំបូលនៃសន្តិភាព ទោះបីយើងមានជំនឿសាសនាខុសគ្នា ប៉ុន្តែយើងរស់នៅក្រោមរដ្ឋធម្មនុញ្ញតែមួយ និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រតិបត្តិសាសនា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន និងបន្តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលរាជរដ្ឋាភិបាលតែងតែផ្ដល់ អាទិភាពខ្ពស់បំផុតក្នុងការថែរក្សាសាសនា ដោយមិនទុកឱ្យមានជម្លោះសាសនាណាមួយ កើតឡើងក្នុងសង្គមឡើយ ដែលនេះជាគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ។
លោកប្រធានក្រុមការងារ ក៏បានថ្លែងពីសេរីភាពនៅក្នុងជំនឿសាសនានីមួយៗ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរយើង ក្នុងនោះអ្នកកាន់សាសនាទាំងអស់ មិនដែលបង្កជំលោះ ឬបង្កអំពើហឹង្សាដាក់គ្នា ព្រោះតែកាន់សាសនាខុសៗគ្នានោះទេ ដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទី សេរីភាពខាងជំនឿ ហើយការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត មានន័យថា ប្រជាពលរដ្ឋខ្មែរ ពុំបានចាប់បង្ខំឱ្យគោរព ប្រតិបត្តិសាសនាណាមួយ នោះទេ ពោលគឺឱ្យតែមានជំនឿរៀងៗខ្លួន។
ក្នុងឱកាសសំណេះសំណាល លោកទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានបង្ហាញអារម្មណ៍សោមនស្សរីករាយ ដែលបានជួបបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម សារជាថ្មីម្តងទៀត ក្នុងខែបួសរ៉ាម៉ាឌន ហើយសង្ឈឹមថា ព្រះអល់ឡោះ ទ្រង់នឹងទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាបងប្អូន សាសនិកឥស្លាមនៅបណ្តាខេត្ត និងប្រទេសនានាលើសាកលលោក។
បើតាមរបាយការណ៍របស់ប្រធានអ៊ីមាំខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្តប៉ៃលិន មានសាសនិកខ្មែរឥស្លាមសរុបចំនួន ៤០៣គ្រួសារ គិតជាមនុស្សរាយចំនួន ១,២៨៩នាក់ ស្រីចំនួន ៥៨៩នាក់ ក្នុងនោះក្រុងប៉ៃលិន មានចំនួន ៣៧៣គ្រួសារ គិតជាមនុស្សរាយចំនួន១,២០២នាក់ ស្រីចំនួន៥៣៨នាក់, ស្រុកសាលាក្រៅ មានចំនួន៣០គ្រួសារ គិតជាមនុស្សរាយចំនួន៨៧នាក់ ស្រីចំនួន ៥១នាក់៕










