BREAKING: អ៉ីស្រាអែល ប្រកាសពីការបើកការវាយប្រហារទប់ស្កាត់ជាមុន ប្រឆាំងប្រទេសអ៉ីរ៉ង់ (Video inside)
28-02-2026 14:01
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃសៅរ៍នេះ អ៉ីស្រាអែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារទប់ស្កាត់ជាមុនប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលទង្វើនេះរុញច្រានមជ្ឈិមបូព៌ា ឆ្ពោះទៅរកការប្រឈមមុខយោធាសាជាថ្មី និងជះស្រមោលកាន់តែងងឹតថែមទៀតទៅលើ ក្តីសង្ឃឹមនៃការស្វែងរកដំណោះស្រាយការទូត សម្រាប់បញ្ហាវិវាទនុយក្លេអ៊ែរជាយូរមកហើយរបស់ទីក្រុងតេហេរ៉ង់ ជាមួយលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ការវាយប្រហារថ្មីនេះ កើតមានឡើងបន្ទាប់ពីអាមេរិកនិងអ៉ីស្រាអែល បានព្រមានថា ពួកគេនឹងវាយប្រហារ ប្រសិនបើអ៉ីរ៉ង់ជម្នះអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគរបស់ខ្លួន។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែលលោក Israel Katz បានប្រកាសថា អ៉ីស្រាអែល បានសម្រេចបើកការវាយប្រហារទប់ស្កាត់ជាមុនលើអ៉ីរ៉ង់ ដើម្បីកម្ចាត់ការគំរាមកំហែងចំពោះប្រទេសរបស់ខ្លួន។ នាថ្ងៃសៅរ៍នេះ សំឡេងផ្ទុះត្រូវបានលឺនៅក្នុងរដ្ឋធានីអ៉ីរ៉ង់ ហើយវីដេអូបង្ហាញពីផ្សែងហុយទ្រលោមនៅទីក្រុងតេហេរ៉ង់ ត្រូវបានចែកចាយលើបណ្តាញសង្គម។
ស្ថានការណ៍វិវត្តន៍ថ្មីនេះ គឺបន្ទាប់ពីអាមេរិកនិងអ៉ីរ៉ង់ ទើបតែបានបញ្ចប់ការចរចាជុំថ្មីក្រោមការសម្របសម្រួលពីអូម៉ង់ ជុំវិញបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងគោលដៅបញ្ចៀសការផ្ទុះជម្លោះយោធា ប៉ុន្តែនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ កន្លងមក អ៉ីស្រាអែលបានទទូចថា កិច្ចព្រមព្រៀងណាមួយរបស់អាមេរិកជាមួយអ៉ីរ៉ង់ ចាំបាច់ត្រូវតែរាប់បញ្ចូលការរុះរើទាំងស្រុង ចំពោះកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេហេរ៉ង់ ហើយបានបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៉ីនតោន ទាមទារការរឹតត្បិតកម្មវិធីមីស៉ីលបាលិស្ទីគអ៉ីរ៉ង់ថែមទៀតនៅក្នុងកិច្ចចរចា។
អ៉ីរ៉ង់ធ្លាប់បាននិយាយថា ខ្លួនត្រៀមលក្ខណៈជាស្រេចដើម្បីចរចាអំពីកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែច្រានចោលលទ្ធភាពតភ្ជាប់បញ្ហានេះជាមួយកម្មវិធីមីស៉ីល។ ទីក្រុងតេហរ៉ង់ ក៏បានប្តេជ្ញាផងដែរថានឹងការពារខ្លួនឯង ប្រឆាំងការវាយប្រហារណាមួយ។ កន្លងមក អ៉ីរ៉ង់បានព្រមានបណ្តាប្រទេសក្បែរខាង ដែលមានមូលដ្ឋានយោធាអាមេរិកថា ខ្លួននឹងសងសឹកប្រឆាំងកងកម្លាំងអាមេរិកឈរជើងនៅប្រទេសទាំងនោះ ប្រសិនបើទីក្រុងវ៉ាស៉ីនតោនហ៊ានបើកការវាយប្រហារ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៥ អាមេរិកបានចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរបស់អ៉ីស្រាអែល ប្រឆាំងទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានសងសឹកវិញ ដោយបាញ់មីស៉ីលលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅឯប្រទេសកាតា ដែលធំបំផុតប្រចាំមជ្ឈិមបូព៌ា។ សង្រ្គាមពេលនោះ ដែលមានរយៈពេល១២ថ្ងៃ បានធ្វើឱ្យកិច្ចប្រឹងប្រែងចរចារវាងអាមេរិកនិងអ៉ីរ៉ង់ ដួលរលំម្តងរួចមកហើយ៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/274822
