FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកសាមគ្គីមុន្នីជ័យ

28-02-2026 13:38

(កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង៤០០នាក់ ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចាន់ថ្នាល ដែលស្ថិតនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋជាប់ជានិច្ច តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទទួលសេវាសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទោះក្នុងតំបន់ណាក៏ដោយ។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានថ្លែងសំណេះសំណាល និងអំពាវនាវប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងខ្លាញ់ពេក សូមកាត់បន្ថយនូវរសជាតិ ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យដឹងថា នៅថ្ងៃនេះក្រុមគ្រូពេទ្យមានពិនិត្យជំងឺជូនប្រជាពលរដ្ឋដូចជា ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាមជាដើម ។
តែក្នុងករណីមានប្រជាពលរដ្ឋយើងណាម្នាក់មានជំងឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្ដនៅរាជធានីភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ទាំងការព្យាបាល និងស្នាក់នៅ របស់អ្នកជំងឺ និងកំដរអ្នកជំងឺ គឺឧបត្ថម្ភទាំងស្រុងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍រំភើប សប្បាយរីករាយ និងភាពកក់ក្ដៅជាខ្លាំង ព្រមទាំងបានថ្លែងអំណរគុណជាអនេក ចំពោះទឹកចិត្ដប្រកបដោយសេចក្ដីអាណិតស្រលាញ់ មេត្ដា ករុណារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃ ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពជូនពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃ៕