លោក សេរី កុសល ណែនាំ និងជំរុញឱ្យសមាជិកបក្សទាំងអស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពង្រឹងសាមគ្គីភាព រក្សាភាពខ្លាំងលើជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ
28-02-2026 12:56
(បន្ទាយមានជ័យ)៖ លោក សេរី កុសល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ និងប្រធានក្រុមការងារគណបក្សចុះជួយស្រុកភ្នំស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅការងារគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២៦ របស់នៅទីស្នាក់ការបក្សស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានសមាជិកចូលរួមជាង ៣៥០នាក់។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអានរបាយការណ៍ការងារ ពីសំណាក់លោក ជូ បុត្រ អភិបាលស្រុក និងជាប្រធានគណបក្សស្រុកភ្នំស្រុក ព្រមទាំងលោក សេរី ជម្នះ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រុកផងដែរ។
ក្នុងឱកាសនោះ លោក សេរី កុសល បានណែនាំសង្ខេបនូវស្ថានភាពបច្ចុប្បន្នរបស់ខេត្តបន្ទាយមានជ័យ និងទិសដៅដែលត្រូវយកចិត្តទុកដាក់ក្នុងបំពេញការងារនៅពេលខាងមុខ។
លោកក៏បានលើកឡើងពីសភាពការណ៍នយោបាយទាំងបច្ចុប្បន្ន និងទៅអនាគតរបស់ការងារបក្សដែលសមាជិកសមាជិកាទាំងអស់ត្រូវធ្វើ ក្នុងឆ្នាំ២០២៦ គឺត្រូវត្រៀមសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលកាន់តែខិតជិតមកដល់ក្នុងឆ្នាំ២០២៧ខាងមុខនេះ។
លោកបានណែនាំឱ្យមានការពង្រឹងនូវសាមគ្គីភាពរវាងសមាជិកបក្ស និងសមាជិកបក្សគ្រប់ជាន់ថ្នាក់ និងគោរពតាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងសម្តេចអនុប្រធានគណបក្សទាំង ៥រូប។ លោកបានអំពាវនាវដល់សមាជិកបក្សទាំងអស់ អនុវត្តន៍ខ្លឹមសារទាំង១២ចំណុច របស់គណបក្សដែលបានដាក់ចេញ និងត្រូវមានជំនឿជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើថ្នាក់ដឹកនាំបក្ស ជឿជាក់លើសម្តេចតេជោ ហ៊ុន សែន និងជឿជាក់លើសម្តេចនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាផ្សេងៗ របស់ប្រទេសជាតិ។
លោកសង្កត់ធ្ងន់ថា «ត្រវពង្រឹងសាមគ្គីភាព និងត្រូវថែរក្សាសមាជិកបក្សចាស់ដែលមានរួចមកហើយ រួមទាំងថែរក្សាសមាជិកបក្សដែលទើបតែចុះឈ្មោះបោះឆ្នោតថ្មី ព្រមទាំងបន្តការទទួលយកបងប្អូនដែលអញ្ជើញមកពីគណបក្សផ្សេងៗទៀត មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយត្រូវបន្តការងារទាំងនេះឱ្យដូចភ្លៀងរលឹម»។
លោកបញ្ជាក់ពីការបន្តរក្សានូវគោលការណ៍ជួយដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សម្រាប់បងប្អូនដែលសមាជិកគ្រួសារទទួលមរណភាព ក្នុង១គ្រួសារ ថវិកា១០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ និងសម្ភារផ្សេងៗទៀត។
បន្ថែមពីនេះ លោក សេរី កុសល បានរំលឹកនូវស្នាដៃជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកភ្នំស្រុក សម្រេចបានទាំងការបោះឆ្នោតឃុំ និងការបោះឆ្នោតថ្នាក់ជាតិ មានទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ប្រកបដោយជោគជ័យហួសពីការរំពឹងទុក។ ដូច្នេះត្រូវបន្តថែរក្សាជោគជ័យនេះតទៅទៀត និងព្យាយាមរក្សាជំហររឹងមាំ ជុំវិញការឃោសនាអគតិរបស់ជនអគតិទាំងបរទេសនៃប្រទេសជិតខាង ទាំងអ្នកដែលរស់នៅក្រៅប្រទេស។
លោកបានកោតសរសើរដល់សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក ដែលបានទទួលបងប្អូនជនភៀសសឹកពីការឈ្លានពានរបស់ថៃ ដែលមានចំនួនសឹងតែលើសចំនួនប្រជាជន ដែលរស់ក្នុងស្រុកភ្នំស្រុក ដែលមានចំនួនជាង១៣០០០គ្រួសារ ស្មើនឹងជាង៥ម៉ឺននាក់។
ក្នុងពិធីសំណេះសំណាលនេះ លោក សេរី កុសល បានរៀបចំអាហារសាមគ្គីជានំបញ្ចុក សម្លរខ្មែរ និងសម្លរការីចំនួន ២០០គីឡូក្រាម ក្រមារល្អ ព្រមទាំងថវិកាមួយចំនួន ជូនដល់អង្គប្រជុំ៕



















