FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ប្រាប់ទៅគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ពីការវាយប្រហាររបស់យោធាថៃ ដោយសព្វាវុធធុនធ្ងន់ ធ្វើឱ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត បង្កឱ្យមានជនភៀសសឹកជិត ៧សែននាក់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ

28-02-2026 11:20

(ភ្នំពេញ)៖ នៅក្នុងអង្គប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លើកទី៤២ ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក ស៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងពីការវាយប្រហារជាលើកទីពីរ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃ នោះយោធាថៃ បានប្រើសព្វាវុធសព្វបែបយ៉ាងដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

តាមរយៈសេចក្តីប្រកាសពព័ត៌មាន លោក ស៊ាង ចិន្តា បានគូសបញ្ជាក់ថា៖ «ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក»។

មន្ត្រីសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបានធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០នាក់ទៀត ភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។

លោកបានលើកឡើងថា ឧបសគ្គដែលរារាំងដល់ការវិលត្រឡប់នេះ គឺបណ្តាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់នឹងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាការប្តេជ្ញាចិត្តដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានផ្ញើសារយ៉ាងច្បាស់និងម៉ឺងម៉ាត់បំផុតថា៖ «កម្ពុជា មិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។ ជាក់ស្តែងប្រតិបត្តិការនៃការបង្ក្រាបបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាច្រើន ករណីក្នុងនោះមានជនល្មើសចម្រុះជាតិសាសន៍ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ជាធរមាន រួមទាំងមានការបណ្តេញ ជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ចេញពីប្រទេស។

ទន្ទឹមនេះ កម្ពុជាក៏មានកិច្ចសហការយ៉ាងល្អ ជាមួយបណ្តាប្រទេសនិងអង្គការនានាទាំងក្នុងតំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់និងបញ្ហាប្រឈមរួម។ បន្ថែមលើសកម្មភាពបង្ក្រាបដ៏សកម្មទាំងនេះ កម្ពុជាក៏កំពុងរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីឈានទៅដល់ការបោសសម្អាតបទល្មើសនេះទាំងស្រុងចេញពីប្រទេស៕