ក្រសួងបរិស្ថាន ចុះណែនាំ និងចាត់វិធានការបច្ចេកទេស និងច្បាប់លើទីតាំងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនក្នុងក្រុងដូនកែវ ខេត្តតាកែវ
28-02-2026 10:49
(តាកែវ)៖ ក្រសួងបរិស្ថានបានដាក់ចេញវិធានការបច្ចេកទេស និងច្បាប់ ឱ្យក្រុមហ៊ុនគ្រប់គ្រងទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិព្រិច សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីបានពិនិត្យឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្រសួងបរិស្ថានបានតម្រូវឱ្យម្ចាស់ទីតាំងអនុវត្តដូចតទៅ៖
ទី១៖ ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុត ឬឆេះ នៅទីតាំងចាក់សំណល់ឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ
ទី២៖ ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ៨២៦ អនុលោមតាមមាត្រា១៦១ និងមាត្រា ៦៦៨
ទី៣៖ ត្រូវមានវិធានការតាមដានត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ការឆេះទីលាន និងត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័ស នៅពេលដែលមានភ្លើងឆេះទីលាន
ទី៥៖ ត្រូវត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើង ឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន
និងទី៦៖ ត្រូវរៀបចំរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងផ្ដល់យោបល់។
ជាមួយគ្នានេះក្រសួងបរិស្ថាននឹងបន្តពិនិត្យ និងតាមដានលើវិធានការចំពោះមុខខាងលើ ប្រសិនបើម្ចាស់អាជិវកម្ម មិនបានអនុវត្តតាមវិធានការខាងលើ នឹងទីតាំងអាជីវកម្មនឹងត្រូវបិទនិងដកហូតអាជ្ញាបណ្ណ។
សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកស្រីអភិបាលរងក្រុងដូនកែវ អាជ្ញាធរសង្កាត់ និងភូមិ និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងបានរកឃើញ ការគ្រប់គ្រងសំណល់ពុំត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេស និងច្បាប់ បង្កឱ្យមានការឆេះ ជាបន្តបន្ទាប់ បណ្តាលឱ្យមានផ្សែង និងក្លិនប៉ះពាល់ដល់បរិយាកាស និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្បែរនោះ៕
















