FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ឈាង រ៉ា៖ មន្រ្តីសុខាភិបាល នៅតែរឹងមាំ និងញញឹមដោយភាពក្លាហាន ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ

28-02-2026 10:11

(បាត់ដំបង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា មន្រ្តីសុខាភិបាល នៅតែរឹងមាំ និងញញឹមដោយភាពក្លាហាន ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យបង្អែកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីនឹករលឹក ថ្លែងអំណរគុណ និងការកោតសរសើរដល់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ ដែលប្រឹងប្រែង សហការគ្នា និងសាមគ្គីភាពគ្នា ក្នុងការខិតខំបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ជាពិសេសទោះបីក្នុងកាលៈទេសៈបែបណា គឺនៅឈរជិតការពារសុខភាពប្រជាជន វីរកងទ័ព និងអ្នកភៀសសឹកនាពេលកន្លងមក។

ទន្ទឹមនឹងនេះផងដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចុះពិនិត្យនៅតាមទីតាំងផ្នែកមួយចំនួន៖ អគារផ្នែកពិនិត្យជំងឺឆ្លង ផ្នែកមន្ទីរពិសោធន៍ ជំងឺទូទៅមនុស្សចាស់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកជំងឺកុមារ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកបញ្ជូនសង្គ្រោះបន្ទាន់ វះកាត់តូចរបួស និងកន្លែងរក្សាទុកអុកស៊ីសែន និងលើកទឹកចិត្តបន្ថែមទៀត បន្តខិតខំបង្កើនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ៕