FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ACU បានសម្រេចលើពាក្យប្ដឹងចំនួន៤៦ និងបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង

28-02-2026 09:52

(ភ្នំពេញ)៖ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

បើយយោងតាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា ក្នុងនោះនៅសាលាដំបូងរាជធានីភ្នំពេញ មានជនជាប់សង្ស័យចំនួន ៤រូប។ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធ ករណីឆបោកបន្លំយកឈ្មោះជាមន្រ្តី អ.ប.ព. ប្រព្រឹត្តដោយឈ្មោះ កែវ សុផល ភេទ ប្រុស អាយុ ៦១ឆ្នាំ ដែលត្រូវជាប់សង្ស័យពីបទឆបោកមានស្ថានទម្ងន់ទោស។

លោកបានបន្តថា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធ ករណីប្រឡងជំនួសចូលរៀនសាលាពេទ្យ ប្រព្រឹត្តដោយទី១៖ ឈ្មោះ រស់ វត្ថា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរមន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលត្រូវជាប់សង្ស័យពីបទរំលោភអំណាចមានប្រសិទ្ធិភាព និងក្លែងបន្លំឯកសារសាធារណៈ, ទី២៖ ឈ្មោះ គូ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរនិសិ្សតឆ្នាំទី៣ ដែលត្រូវជាប់សង្ស័យពីបទក្លែងបន្លំឯកសារសាធារណៈ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងបទរំលោភអំណាចមានប្រសិទ្ធិភាព និងទី៣៖ ឈ្មោះ ឈួន សុផល់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរគ្រូបង្រៀន ដែលត្រូវជាប់សង្ស័យពីបទ រំលោភអំណាចមានប្រសិទ្ធិភាព និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ។

សម្រាប់សាលាដំបូងខេត្តកំពង់ឆ្នាំង មានជនសង្ស័យ ២រូប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធករណីទន្ទ្រាន ហ៊ុមព័ទ្ធ កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិដោយ ១-យ៉ន ចិន្តា ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលជាប់សង្ស័យពីបទ បំផ្លាញ និងគៃបំបាត់, ២-ហូយ ហ៊ឹម ភេទប្រុស អាយុ ៤៦ឆ្នាំ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើបំផ្លាញ និងគៃបំបាត់។
៣-ករណីបណ្តឹងបរិហារដោយមួលបង្កាច់អំពីអំពើពុករលួយ និងករណីផ្សេងទៀត។

សូមជម្រាបថានារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៦ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕