FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន៥៧៣ នាក់ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល

28-02-2026 08:33

(កណ្តាល)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និងស្រុកពញាឮ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ។

ពិធីនេះមានការចូលរួមពី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៨ ក្នុងស្រុកកៀនស្វាយ, លោក ឡូវ សុខសាន ប្រធានគណៈកម្មាធិការគណបក្សស្រុកកៀនស្វាយ, លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង ៨ នៃស្រុកកៀនស្វាយ។

ក្នុងពិធីនេះ ក៏មានការប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៥៧៣ នាក់ ក្នុងឃុំចំនួន ៥ គឺឃុំភូមិធំ ឃុំគគីរ ឃុំដីឥដ្ឋ ឃុំបន្ទាយដែក និងឃុំសំរោងធំ ដែលជាកម្លាំងថ្មី ហើយនឹងមានការប្រកាសបញ្ចូលសមាជិកថ្មីជាជំហានៗបន្ដបន្ទាប់ទៀត។

បណ្ឌិត គុណ ញឹម ក៏បានផ្ដល់ការណែនាំដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៨, គណៈកម្មាធិការគណបក្សស្រុក ឃុំ ភូមិ ឱ្យបន្ដសហការគ្នានិងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារចំពោះមុខសំខាន់ៗ មួយចំនួន រួមមាន (១) អនុវត្តតាមទិសដៅការងារគណបក្ស ដែលបានដាក់ចេញដោយគណៈកម្មាធិការកណ្ដាល ឱ្យបានល្អប្រសើរ, (២) បន្ដចុះអនុវត្តការងារពង្រឹងគោលនយោបាយសតិអារម្មណ៍ ការងារសង្គម និងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ ជាពិសេស ការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភផ្ទាល់ដល់គ្រួសារសម្រាលកូនខ្ចី គ្រួសារមានសមាជិកទទួលមរណភាព ឬគ្រួសារជួបការលំបាកផ្សេងៗ, (៣)បន្ដចុះជួបសំណេះសំណាលនិងជួយឧបត្ថម្ភដល់គ្រួសារយុទ្ធជនរងរបួស ក្នុងសមរភូមិសង្គ្រាមឈ្លានពានរបស់ថៃកន្លងមក, (៤) បន្ដយកចិត្តទុកដាក់ចំពោះពលករចំណាកស្រុក ដែលវិលត្រលប់មកពីប្រទេសថៃ, (៥) បន្ដចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យជំរុញការសិក្សារបស់កូនចៅជំនាន់ក្រោយ តាំងពីថ្នាក់បឋម រហូតដល់សាកលវិទ្យាល័យ ដើម្បីពង្រឹងសមត្ថភាពនិងធនធានមនុស្សគ្រប់ជំនាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមការពារជាតិ លើកស្ទួយសេដ្ឋកិច្ចនិងសង្គមកម្ពុជា, (៦)បន្ដខិតខំកៀរគរសមាជិកបក្សបន្ថែមទៀត តាមគោលការណ៍គណបក្ស “រក្សាចាស់ បង្កើនថ្មី” និង(៧) បន្ដអនុវត្តការងារសំខាន់ៗផ្សេងទៀត ក្នុងគោលដៅសម្រេចឱ្យបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៨ នៃរដ្ឋសភា ឆ្នាំ២០២៨។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត ក៏បានឧបត្ថម្ភជាអាវ-មួក និងថវិកាមួយចំនួនសម្រាប់សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា និងបានឧបត្ថម្ភអំពូលសូឡាចំនួន ៦០០ ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ជូនគណបក្សស្រុកនិងឃុំទាំង៨ ដាក់បំភ្លឺតាមដងផ្លូវនានាក្នុងស្រុកកៀនស្វាយ៕