រដ្ឋមន្ត្រី ហេង សួរ ដាក់ចេញអនុសាសន៍ណែនាំ ១៩ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកឱ្យកាន់តែល្អប្រសើរ (Video inside)
27-02-2026 22:22
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញអនុសាសន៍ណែនាំសំខាន់ៗចំនួន ១៩ចំណុចបន្ថែមដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកឱ្យកាន់តែល្អប្រសើរបង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានថ្លែងដូចនេះនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីនេះក៏មានការចូលរួមពី លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់ក្រសួងប្រមាណជាង១០០០នាក់ ដែលមានរយៈពេលេ២ថ្ងៃ ចាប់ពីរថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំរំដួល អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
អនុសាសន៍ណែនាំ ៩ចំណុច របស់លោក ហេង សួរ ដែលក្នុងនោះរួមមាន៖
*ទី១៖ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចធិបតី។
*ទី២៖ បន្តពង្រឹងនិងពង្រីកការផ្តល់សេវាការងារ សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការផ្សព្វផ្សាយព័ត៌មានទី ផ្សារការងារ ការតម្រង់ទិសមុនចូលទីផ្សារការងារ និងការបន្តរៀបចំព្រឹត្តិការណ៍ការងារ រួមមាន វេទិកាការងារ ពិព័រណ៍ការងារ និងការផ្គូផ្គងនិងសម្ភាសការងារ និងការពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធឆ្លើយតបបន្ទាន់ ១២៩៧ ដល់សាធារណៈ និងជាពិសេសបងប្អូនដែលត្រឡប់មកពីប្រទេសថៃ។
*ទី៣៖ បន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ លក្ខខណ្ឌការងារល្អ និងមានជំនាញពាក់ ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
*ទី៤៖ បន្តរៀបចំ ផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេតនិងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងតម្រូវការទីផ្សារ ការងារ ជាពិសេសទស្សនវិស័យមុខរបរនិងការងារ ឱ្យបានទៀងទាត់ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ ព័ត៌មានទីផ្សារការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដល់អ្នកស្វែងរកការងារ កម្មករនិយោជិត និយោជក អ្នកផ្តល់ការ បណ្តុះបណ្តាល និងសាធារណជន។
*ទី៥៖ បន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ការគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅ ប្រទេស និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍ការងារខ្មែរប្រកបដោយប្រសិទ្ធភាពនិងចីរភាព។
*ទី៦៖ បន្តពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង និងប្រព័ន្ធអភិបាលកិច្ចអធិការកិច្ចការងារតាមរយៈការកំណត់គុណ វុឌ្ឍអធិការការងារ និងយុទ្ធសាស្ត្រអធិការកិច្ចការងារផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស ក្រុមហ៊ុន រោង ចក្រ សំដៅបង្កើនជំនឿទុកចិត្តរបស់និយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធលើអធិការការងារ។
*ទី៧៖ បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ តាមរយៈការអនុវត្តកាតព្វកិច្ចរៀបចំគណៈកម្មការ សុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅបង្ការ និងទប់ស្កាត់ឱ្យបានជាអតិ បរមានូវគ្រោះថ្នាក់ការងារ និងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ (OSH)។
*ទី៨៖ បង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ជា ពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។
*ទី៩៖ បន្តអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រតិភូបុគ្គលិក បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធាន មនុស្ស និយោជក និងកម្មករនិយោជិត ក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ។
*ទី១០៖ បន្តពង្រឹងប្រសិទ្ធភាព យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការដាក់ចេញនូវយន្តការ បង្ការ និងដោះស្រាយវិវាទការងារនៅកម្រិតសហគ្រាស និងការអភិវឌ្ឍសមត្ថភាពអ្នកផ្សះផ្សាវិវាទការងារ និង ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
*ទី១១៖ បន្តពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គម ឱ្យបានជាអតិបរមា តាមរយៈការសិក្សាសមិទ្ធិលទ្ធភាពនៃ ការពង្រីកនិងរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ចុះបញ្ជីក្រុមគោលដៅ ដែលមិនទាន់គ្របដណ្តប់តាមរយៈ កិច្ចសហការជាមួយភាគីពាក់ព័ន្ធ ពិសេសអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
*ទី១២៖ បន្តលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយនឹងដៃគូទាំងអស់ និងរៀបចំវេទិកាជាមួយតំណាងភាគីពាក់ព័ន្ធ (មូលដ្ឋានសុខាភិបាល ធនាគារដៃគូ ភាគីនិយោជក និងតំណាងសមាជិក ប.ស.ស.) ជារៀងរាល់ត្រីមាស ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់ ប.ស.ស. ឱ្យកាន់តែ ប្រសើរឡើង។
*ទី១៣៖ បន្តជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនគោលដៅមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ (កម្មវិធី TVET 1.5M) ឱ្យស្របទៅតាមតម្រូវការ ឧស្សាហកម្ម និងជំរុញការអនុវត្តការទទួលស្គាល់ជំនាញពីមុន របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ក្នុងវិស័យអាទិភាព ដែលចាប់ផ្តើមពីវិស័យសំណង់ លើ ៨មុខជំនាញ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ នេះ ដោយរាជរដ្ឋាភិបាល ជាអ្នកបង់ថ្លៃធ្វើតេស្តជំនួស។
*ទី១៤៖ បន្តជំរុញនិងផលិតថ្នាក់បណ្តុះបណ្តាលចល័តឱ្យកាន់តែច្រើន និងទំនើបដើម្បីបង្ខិតការបណ្តុះបណ្តាលឱ្យ កាន់តែជិតអ្នកដែលមានតម្រូវការក្នុងការបណ្តុះបណ្តាល។
*ទី១៥៖ ពង្រីកការកែច្នៃម៉ូតូកង់បី ដើម្បីបង្កើនចំណូលដល់អ្នកបើកកង់បី ឬលក់ដូរចល័ត។
*ទី១៦៖ បញ្ចប់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ។
*ទី១៧៖ បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍដើម្បីធានានិរន្តរភាពប្រសិទ្ធភាព និងគុណភាពនៃកម្មវិធីធីវេត។
*ទី១៨៖ បន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចនិងរដ្ឋបាលការងាររបស់ក្រសួង តាមរយៈការធ្វើឌីជីថល នីយកម្មបន្ថែមទៀតរាល់សកម្មភាពអធិការកិច្ចការងារ សេវាសាធារណៈ និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ វិស័យការងារ ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបណ្តុះបណ្តាលជំនាញ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសន្និធិជំនាញ ប្រព័ន្ធ គ្រប់គ្រងទិន្នន័យការធ្វើតេស្តសមត្ថភាពជំនាញពីមុន ប្រព័ន្ធគ្រប់គ្រងទិន្នន័យបេឡាជាតិសន្តិសុខសង្គម និង ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ព្រមទាំងបំពាក់បន្ថែមនូវសម្ភារៈនិងឧករណ៍ វៃឆ្លាតដើម្បីជាជំនួយដល់ក្រុមអធិការកិច្ចការងារនិងអង្គភាពក្រោមឱវាទក្រសួង។
*និងទី១៩៖ រៀបចំសេចក្តីណែនាំជាឯកសារ ជាសំឡេង និងជាឃ្លីបវីដេអូ ដោយប្រើភាសាសាមញ្ញ និងលំហូរការងារ កាន់តែសាមញ្ញថែមទៀតសំដៅឱ្យតួអង្គពាក់ព័ន្ធគ្រប់ស្រទាប់វណ្ណៈ អាចយល់ និងចូលរួមអនុវត្តកាន់តែច្រើន និងល្អស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ឧត្តមានុវត្តន៍ជាសកល ដែលពាក់ព័ន្ធវិស័យការងារ សន្តិសុខ សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕













