ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន របស់អង្គការមូលនិធិ Diyanet ប្រទេសតួកគីយេ ជូនសាសនិកឥស្លាមចំនួន៣០០គ្រួសារ នៅខណ្ឌឫស្សីកែវ
27-02-2026 22:22
(ភ្នំពេញ)៖ នៅរសៀលទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ចំនួន៣០០គ្រួសារ និងសម្លៀកបំពាក់ ១០០កំផ្លែរ ជូនសាសនិកឥស្លាម មកពីសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះ ធ្វើឡើងនៅវិហារធំឥស្លាមគីឡូម៉ែតលេខ៩ ដែលកញ្ចប់អាហារស្រាយបួសនេះ ទទួលបានការឧបត្ថម្ភ ពីអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។
ក្នុងឱកាសមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ជារៀងរាល់ឆ្នាំអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ តែងតែផ្តល់ជំនួយកញ្ចប់អាហារដល់សហគមន៍ឥស្លាមកម្ពុជា តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម ហើយអង្គការនេះ ក៏មានសកម្មភាពមនុស្សធម៌ជាច្រើនឆ្នាំមកហើយនៅកម្ពុជា មានដូចជាការផ្តល់គោគួរពាន អាហារូបករណ៍ កញ្ចប់អាហារស្រាយបួស និងផ្សេងៗទៀត ដែលគិតជាថវិការាប់លានដុល្លារអាមេរិក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធិ Diyanet ដែលតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា។ លោកបន្តថា នេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលបន្ទុកខ្លះៗ ដល់បងប្អូនដែលមានជីវភាពខ្វះខាត ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិ នៅក្នុងពិភពលោក។
ទន្ទឹមគ្នាដែរ លោកក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជា។
លោក ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានលើកឡើងថា កម្មវិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៦ របស់អង្គការមូលនិធិ Diyanet នៃសាធារណៈរដ្ឋតួកគីយ៉េ ផ្តល់តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា (CMDF) សម្រាប់រៀបចំកញ្ចប់អាហារខែរ៉ម៉ាឌនចំនួន១៣០០ ចែកជូននៅតាមបណ្តារាជធានី ខេត្តចំនួន៥ មានដូចជានៅ ភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង, ធ្វើពិធីស្រាយបួសជូនសាសនិកឥស្លាមនៅភ្នំពេញ ចំនួន១០៥០នាក់ និងសម្លៀកបំពាក់ចំនួន៤០០កំផ្លែរ។
ក្នុងកញ្ចប់អាហារនីមួយៗខាងលើ មានអង្ករ១៥ គីឡូក្រាម ប្រេងឆា ៥លីត្រ ស្ករស ៣គីឡូក្រាម ផ្លែល្មើ ១គីឡូក្រាម អំបិល ២គីឡូក្រាម និងសណ្តែក ២គីឡូក្រាម៕
