អភិបាលស្រុកមុខកំពូល លើកទឹកចិត្តពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងថែរក្សាអនាម័យទាំងអស់គ្នា ទើបស្រុកមានសោភ័ណភាពល្អស្អាត
27-02-2026 22:17
(កណ្ដាល)៖ លោក យី យ៉េន អភិបាលស្រុកមុខកំពូល ជំរុញឲ្យប្រជាជនស្រុកមុខកំពូល មេត្តាចូលរួមថែទាំបរិស្ថានទាំងអស់គ្នា ព្រោះការចូលរួមរបស់ពលរដ្ឋ ពិតជាមានសារសំខាន់ណាស់ ខណៈដែលបរិស្ថានស្រុកមុខកំពូល មិនអាចពឹងអាស្រ័យតែទៅលើអ្នកសម្អាតតែមួយមុខទេ ពោលគឺអាស្រ័យលើការចូលរួមទាំងអស់គ្នា ទើបអាចស្អាតទៅបាន។
លោកភិបាលស្រុកមុខកំពូល បានថ្លែងបែបនេះ ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ សាមគ្គីដើម្បីទីក្រុងស្អាត ដែលប្រារព្វឡើងនៅបរិវេណរង្វង់មូលគូទខ្យងស្ពានព្រែកតាមាក់ ត្រើយខាងលិច ក្នុងភូមិសាស្ត្រស្រុកមុខកំពូល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីនៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ ស.ស.យ.ក កាយរិទ្ធ កាកបាទក្រហម និងសិស្សានុសិស្ស វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា សរុប ២៣២នាក់។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក បានសំណេះសំណាល និងផ្សព្វផ្សាយពីគោលបំណង នៃការរៀបចំកម្មវិធីសម្អាតបរិស្ថានដល់ប្រជាពលរដ្ឋក្នុងមូលដាន ចូលរួមសម្អាតបរិស្ថាននៅតាមសាលារៀន ផ្ទះសំបែង និងទីសាធារណៈគ្រប់កន្លែងទូទាំងស្រុក។ តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅឋានដោយផ្តើមចេញពីការចេះទុកដាក់សំរាម មានអនាម័យល្អ វានឹងបង្កើតឡើងនូវរូបភាពលំនៅឋានស្អាត ភូមិស្អាត ឃុំស្អាត ស្រុកស្អាត ទីក្រុងមានសោភ័ណភាព និងបរិស្ថានល្អ៕























