ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប សម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ
27-02-2026 22:09
(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី ព្រមទាំងកិច្ចសហការពាណិជ្ជកម្ម។
ពិធីសម្ពោធនេះ ក្រោមវត្តមានរបស់លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងលោក លោកស្រី តំណាងមន្ទីរ-អង្គភាព និងវិស័យឯកជន ព្រមទាំងសិស្ស និសិ្សតជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក សំហេង បូរ៉ា បានលើកឡើងថា ពិព័រណ៍នេះ បានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋានក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីរាជធានីភ្នំពេញ ព្រមទាំងមកពីបណ្តាខេត្តនានា បានដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរដែលមានគុណភាព។
លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺមានសារៈសំខាន់ និងបានជះផលវិជ្ជមាន ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោល គឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
លោក សំហេង បូរ៉ា បន្ថែមថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦ មានស្តង់ចំនួន ១០១ស្តង់ ដែលមានអាជីករ សិប្បករ សហគ្រាសមកពីបណ្តារាជធានីភ្នំពេញ\ខេត្ត ដែលបានដាក់តាំងបង្ហាញផលិត ផលកសិកម្ម និងបន្លែផ្លែឈើមានសុវត្ថិភាព មានដូចជា៖ អង្ករ ម្រេច ស្វាយចន្ទី ក្រូចថ្លុង ត្រសក់ផ្អែម ដូង ដំណាប់ផ្លែឈើ ស្រាផ្លែឈើ ទឹកឃ្មុំ សូត្រ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្ម ត្បូងថ្មមានតម្លៃ វត្ថុអនុស្សាវរីយ៍ និងអាហារ-ភេសជ្ជៈផងដែរ។
លោក នាក់ ណេរ៉ុន បានលើកឡើងថា បច្ចុប្បន្ននេះខេត្តសៀមរាប មានសក្តានុពលសំខាន់ៗជាច្រើនក្រៅពីទេសចរណ៍ ក្នុងនោះមាន៖ វិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផលជាដើម។ ក្រៅពីផលិតផលកសិឧស្សាហកម្ម ខេត្តសៀមរាប ក៏មានដំណាំរួមផ្សំ ដូចជា៖ បន្លែ និងផ្លែឈើ។
ជាមួយនេះ លោកបញ្ជាក់ថា បច្ចុប្បន្ននេះកសិករយើងអាចផលិតបានមួយចំនួនធំ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាព នៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែងផងដែរ៕



















