FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា «ខ្មែររួបរួម ខ្មែរខ្លាំង»

27-02-2026 21:57

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមរួមសាមគ្គីគ្នាជាធ្លុងមួយ ព្រោះកាលណាខ្មែររួបរួមគ្នា ខ្មែរខ្លាំង ហើយបរទេសពិតជាមានការភ័យខ្លាច កាលណាខ្មែរចេះសាមគ្គីគ្នារួបរួមគ្នា។

លោក វ៉ី សំណាង បានថ្លែងថា ប្រវត្តិសាស្រ្តរបស់កម្ពុជាកន្លងមកបានបង្ហាញថា ខ្មែរយើងឈ្មោះគ្នា បែកបាក់គ្នា កាប់សំលាប់ខ្មែរគ្នាឯង ដោយសារការញុះញង់របស់បរទេស ហើយនៅក្នុងរបបខ្មែរក្រហមដឹកនាំប្រទេស បានឈានទៅដល់ការកាប់សំលាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាល ក្លាយជារបបប្រល័យបូជសាសន៍ថែមទៀតផង។

លោកអភិបាលខេត្តតាកែវ បានបន្តថា ក្រោយការរំដោះប្រទេសជាតិ ដោយសារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ នៅឆ្នាំ១៩៩៩ ដែលនាំឲ្យប្រទេសមានសុខសន្តិភាពទូទាំងប្រទេស។ ប៉ុន្តែសុខសន្តិភាពនេះ មិនស្ថិតស្ថេរទេព្រោះពួកបរទេសនៅតែបន្តញុះញង់ប្រជាពលរដ្ឋខ្មែរ ឲ្យឈ្លោះគ្នា និងចញ្ចឹមចឹត្តចង់បានទឹកដីខ្មែរ ដូច្នោះសូមមន្រ្តីពាក់ព័ន្ធទាំអអស់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន បន្តអប់រំផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ត្រូវចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។

បើតាមលោក វ៉ី សំណាង សង្រ្គាមរវាងខ្មែរ និងកងទ័ពឈ្លានពានសៀមកន្លងមក សម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ បានរួបរួមសាមគ្គីគ្នា គួរជាទៅមោទនៈ ដោយប្រជាពលរដ្ឋក្នុងខេត្ត គ្រប់មជ្ឈដ្ឋាន បានធ្វើការបរិច្ចាកទាំងថវិកា សម្ភារៈប្រើប្រាស់ ហូបចុកគ្រប់បែបយ៉ាង យកមកផ្ដល់ជូនរដ្ឋបាលខេត្ត ដើម្បីយកបន្តទៅផ្ដល់ជូនវីរៈកងទ័ពនៅសមរភូមិមុខ និងប្រជាពលរដ្ឋជនភៀសសឹក។ សកម្មភាពនេះបានបង្ហាញពីការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលមានការឈ្លានពានណាមួយមកលើបូរណភាពដែនដីខ្មែរពីសត្រូវឈ្លានពាន៕