FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តព្រៃវែង អំពាវនាវពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន

27-02-2026 21:43

(ព្រៃវែង)៖ លោកស្រី សេង ទៀង អភិបាលរងខេត្តព្រៃវែង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឲ្យចូលរួមសាមគ្គីគ្នា សម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងនមានសោភណ្ឌភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។

ការថ្លែងលើកឡើងបែបនេះរបស់លោកស្រី សេង ទៀងបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជា តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកស្រី សេង ទៀង បានបន្តទៀតថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាន នេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

លោកស្រីអភិបាលរងខេត្ត បានបន្ថែមថា សំរាម និងសំណល់ប្លាស្ទិក គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កាកសំណល់សំរាម និងថង់ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង ប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ៕