រដ្ឋបាលខេត្តតាកែវ និងសាលាដំបូងខេត្ត រួមគ្នាពង្រឹងយន្តការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ
27-02-2026 21:37
(តាកែវ)៖ ក្នុងគោលបំណងកាត់បន្ថយភាពស្មុគស្មាញ និងពន្លឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង សាលាដំបូងខេត្តតាកែវ និងរដ្ឋបាលខេត្តតាកែវ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី «ការកំណត់សមត្ថកិច្ចលើការងារផ្ដល់សេវាកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន» ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរួមរបស់លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និងលោក លី សាវេត អភិបាលរងខេត្យតាកែវ ដោយមានការចូលរួមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញារង មន្ត្រីតុលាការ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តក្រុងស្រុក។
លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ បានថ្លែងថា កិច្ច្ចប្រជុំនេះមានគោលដៅចម្បងក្នុងការជជែកវែកញែក និងកំណត់ឲ្យបានច្បាស់លាស់ នូវដែនសមត្ថកិច្ចរវាងស្ថាប័នតុលាការ និងអាជ្ញាធរដែនដី ក្នុងការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន (ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព) ដែលកន្លងមកតែងតែជួបប្រទះនូវភាពចម្រូងចម្រាស និងការយឺតយ៉ាវសម្រាប់ពលរដ្ឋដែលត្រូវការកែសម្រួលទិន្នន័យផ្ទាល់ខ្លួន។
លោក ធាម ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា ការបែងចែកសមត្ថកិច្ចឲ្យបានច្បាស់លាស់តាមផ្លូវច្បាប់ នឹងជួយឱ្យនីតិវិធីនៃការកែតម្រូវទិន្នន័យមានភាពរលូន និងតម្លាភាព។
ទន្ទឹមនឹងនោះ លោក លី សាវេត អភិបាលរងខេត្តតាកែវ ក៏បានលើកឡើងថា រដ្ឋបាលខេត្ត នឹងបន្តកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នតុលាការ ដើម្បីធានាថា រាល់ការលំបាករបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងឯកសារអត្រានុកូលដ្ឋាន នឹងត្រូវបានដោះស្រាយដោយផ្អែកលើច្បាប់ និងមានភាពរហ័សទាន់ចិត្ត៕






