FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ប៉ាគីស្ថានថាជម្លោះចុងក្រោយបំផុតជាមួយតាលីបង់ជាសង្រ្គាមបើកចំហ តើវាមានន័យយ៉ាងណា?

27-02-2026 21:32

(វ៉ាស៊ីនតោន)៖ អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានផ្ទុះជម្លោះប្រដាប់អាវុធនឹងគ្នាសាជាថ្មី ជាជម្លោះចុងក្រោយបំផុតមួយរវាងប្រទេសជិតខាងទាំង២ ដែលរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសនៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ថាការអត់ធ្មត់របស់ប្រទេសលោកបានឈានដល់ដែនកំណត់ និងបានប្រកាសសង្រ្គាមបើកចំហប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន។ ប៉ាគីស្ថានជាប្រទេសមានអាវុធនុយក្លេអ៊ែរ និងមានកញ្ចប់ថវិកាយោធាគ្រប់គ្រាន់ ខណៈតាលីបង់គឺជាក្រុមអ្នកប្រយុទ្ធដែលមានបទពិសោធន៍នៅលើសមរភូមិរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងជ័យជម្នះលើ កងកម្លាំងអាមេរិក ​និង NATO ក្នុងឆ្នាំ២០២១ ជាឆ្នាំដែលអាមេរិក និង NATO ដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ក្រោយការប្រយុទ្ធតស៊ូអស់ជាច្រើនឆ្នាំរបស់តាលីបង់។ ខាងក្រោមនេះជាចំណុច គួរដឹងពីជម្លោះចុងក្រោយបំផុតដែលកំពុងគំរាមកំហែងបង្កជាអស្ថិរភាពក្នុងតំបន់។

* ហេតុអ្វីបានជាជម្លោះផ្ទុះឡើងជាថ្មី?
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ យោធារបស់តាលីបង់បានបើកការវាយប្រហារលើទីតាំងឈរជើងរបស់កងទ័ពប៉ាគីស្ថាននៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២ ដែលមាន ប្រវែងសរុបជាង ២៦៤០គីឡូម៉ែត្រ។ ទីក្រុងកាប៊ុលបាននិយាយថាការវាយប្រហាររបស់ខ្លួន ជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថានដែលទីក្រុងអ៉ីស្លាម៉ាបាដអះអាងថាជា ការវាយប្រហារលើជំរំរបស់ក្រុមសកម្មប្រយុទ្ធក្នុងទឹកដីអាហ្វហ្កានីស្ថានកាលពីចុងសប្ដាហ៍កន្លងទៅ ដោយសម្លាប់មនុស្សយ៉ាងហោច ១៨នាក់។ ជាការឆ្លើយតប នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសសងសឹកក្នុងទឹកដីអាហ្វហ្កានីស្ថាន។

ការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថានបានធ្វើឡើងលើទីក្រុងកាប៊ុល ខេត្តភាគអាគ្នេយ៍ Paktia និងខេត្ត Kandahar ដែលត្រូវបានគេចាត់ទុកថាទីកំណើតរបស់ក្រុមតាលីបង់ និងជាទីដែល មេដឹកនាំកំពូលតាលីបង់ Hibatullah Akhundzada ត្រូវបានគេជឿជាក់ថាកំពុងឈរជើង។ អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានផ្ដល់តួលេខអំពីអ្នកស្លាប់ និងរងរបួសផ្សេងៗគ្នាទាក់ទិននឹង ការវាយប្រហារនៅថ្ងៃសុក្រ។ ប៉ាគីស្ថានបានអះអាងថាយោធារបស់ខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់ ១៣៣នាក់ ខណៈអាហ្វហ្កានីស្ថាននិយាយថាអ្នកប្រយុទ្ធរបស់ខ្លួន៨នាក់ត្រូវបានសម្លាប់។ តួលេខទាំងនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ។

* តើនេះជាស្ថានការណ៍ដ៏អាក្រក់មិនធ្លាប់មានឬ?
បើទោះជាមានការជាប់ពាក់ព័ន្ធនឹងគ្នាជិតស្និទ្ធខាងសេដ្ឋកិច្ច និងវប្បធម៌ក៏ពិតមែន តែប្រទេសទាំង២មានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនឹងគ្នា។ កាលពីខែតុលា ឆ្នាំ២០២៥ ប្រទេសទាំង២បានវាយប្រយុទ្ធគ្នា នៅក្នុងជម្លោះដ៏បង្ហូរឈាមបំផុតមិនធ្លាប់មានក្នុងពេលជាច្រើនឆ្នាំ មុននឹងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយមួយ។ នៅបន្ទាប់ពីតាលីបង់ត្រូវបានបណ្ដេញចេញពីអំណាចដោយកងកម្លាំង NATO​ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០១ ប៉ាគីស្ថានធ្លាប់ជាអ្នកគាំទ្រដ៏សំខាន់មួយរបស់តាលីបង់។ ក្រុមអ្នកប្រយុទ្ធតាលីបង់បានសម្ងំជ្រកកោននៅតាមបណ្ដោយព្រំដែនក្នុងទឹកដីប៉ាគីស្ថាន ហើយមិនតែប៉ុណ្ណោះប៉ាគីស្ថានក៏បានផ្ដល់ការគាំទ្រដល់ចលនាតស៊ូតាលីបង់ប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែក្រោយជ័យជម្នះរបស់តាលីបង់ក្នុងឆ្នាំ២០២១ ជាឆ្នាំដែលសហរដ្ឋអាមេរិក និង NATO ដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ប៉ាគីស្ថានបែរជាត្រូវប្រឈមមុខនឹងការកើនឡើងការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធទៅវិញ។

ទីក្រុងអ៉ីស្លាម៉ាបាដបានបន្ទោសក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន TTP ជាអ្នកទទួលខុសត្រូវលើការវាយប្រហារទាំងនោះ និងចោទទីក្រុងកាប៊ុលថាបានផ្ដល់ទីជម្រកលាក់ខ្លួនដល់ក្រុមសកម្មប្រយុទ្ធនេះ ដែលបានប្រើប្រាស់អាវុធដែលអាមេរិកបន្សល់ទុកក្រោយចាកចេញពីអាហ្វហ្កានីស្ថាន ក្នុងការវាយប្រហារលើប៉ាគីស្ថាន។ ប៉ុន្តែ តាលីបង់បានច្រានចោលការចោទប្រកាន់បែបនេះ។ តាមតួលេខពី យោធាប៉ាគីស្ថាន មនុស្សច្រើនជាង ១២០០នាក់ ក្នុងនោះរួមមានទាំងយោធា និងជនស៊ីវិលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០២៥។ ពោល តួលេខនេះកើនឡើងទ្វេដងធៀបទៅនឹងឆ្នាំ២០២១ ជាពេលដែលសហរដ្ឋអាមេរិកដកកងទ័ពចេញ ហើយតាលីបង់ត្រឡប់មកកាន់អំណាចវិញ។ លោក Khawaja Asif បានប្រាប់ CNN កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថាមេកើយក្រុមតាលីបង់ជាច្រើនមានអចលទ្រព្យ និងគ្រួសារកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន។ នៅពេលត្រូវបានសាកសួរថាតើការកើនឡើងអំពើហិង្សាបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរមិនធ្លាប់មាន លោកបានឆ្លើយថា «ពិតណាស់ ខ្ញុំគិតដូច្នោះដែរ»។ លោក Asif នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ក៏បានចោទប្រកាន់ដែរថាអាហ្វហ្កានីស្ថានបាន និងកំពុងប្រមូលផ្ដុំក្រុមភេរវករនៅជុំវិញពិភពលោក និងនាំចេញ ភេរវកម្ម ខណៈកំពុងគាបសង្កត់សិទ្ធិសេរីភាពប្រជាជនខ្លួនឯង។ «ការអត់ធ្មត់របស់យើងបានឈានដល់ដែនកំណត់ហើយ។ ឥលូវ វាជាសង្រ្គាមបើកចំហរវាងយើង និងអ្នក»។ នេះជាការគូសបញ្ជាក់របស់លោក Asif ក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X។

* ប្រៀបធៀបកម្លាំងយោធា
បើនិយាយពីចំនួន គេឃើញថាចំនួនកងទ័ពរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានមានគម្លាតយ៉ាងធំពីគ្នា។ នេះបើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាពីយុទ្ធសាស្ត្រ IISS នៅក្នុងរបាយការណ៍ Military Balance 2025។ យោធាប៉ាគីស្ថានជាស្ថាប័នយោធាដ៏មានឥទ្ធិពលមួយ ដោយកងទ័ពបានពង្រឹងអំណាចគ្រប់គ្រងប្រទេសតាមរយៈរដ្ឋប្រហារ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ក្នុងនាមជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ប៉ាគីស្ថានមានប្រព័ន្ធការពារទំនើបដែលរួមផ្សំគ្នារវាងកងទ័ពជើងគោក ជើងទឹក អាកាស និងកងកម្លាំងម៉ារីន។ បើតាម IISS ប៉ាគីស្ថានមានកងទ័ពសកម្មសរុប ៦៦០ ០០០នាក់ និងទាហានប៉ារ៉ា និងប៉ូលិសជិត ៣០០ ០០០នាក់។ និយាយពីអាវុធមិនមែននុយក្លេអ៊ែរវិញ ប៉ាគីស្ថានមានយន្ដហោះចម្បាំងអាមេរិក F-16s យន្ដហោះចម្បាំងបារាំង Mirage និងយន្ដហោះចម្បាំង JF-17 ដែលត្រូវបានផលិតរួមគ្នាជាមួយចិន។ ផ្ទុយទៅវិញ អាហ្វហ្កានីស្ថានមានកងកម្លាំងតែមួយគត់គឺ៖ តាលីបង់។ តាលីបង់ត្រូវបានវាយតម្លៃថាមានក្រុមអ្នកប្រយុទ្ធប្រហែល ២០០ ០០០នាក់។ ក្រៅតែពីមានបទពិសោធន៍នៅលើសមរភូមិជាច្រើនទសវត្សរ៍ តាលីបង់មានរចនាសម្ព័ន្ធយោធានៅចាស់គំរិលនៅឡើយ ដោយកងកម្លាំងទ័ពអាកាសពឹងផ្អែកឧទ្ធម្ភាចក្រប្រយុទ្ធសល់ពី សម័យសូវៀតប៉ុន្មានគ្រឿង និងយន្ដហោះដឹកជញ្ជូនដែលសហរដ្ឋអាមេរិកទុកចោលនៅពេលដកទ័ពចេញពីអាហ្វហ្កានីស្ថាន ព្រមទាំងដ្រូនមួយចំនួន។

យ៉ាងណាក៏ដោយ ទោះជាខ្វះអាវុធទំនើបៗ និងធុនធ្ងន់ក៏ពិតមែន។ ប៉ុន្តែយុទ្ធសាស្ត្រសង្រ្គាមឈ្លប ឬសង្រ្គាមទ័ពព្រៃគឺជាអត្តសញ្ញាណមួយរបស់យោធាតាលីបង់ ស្របពេលជម្លោះជាមួយប៉ាគីស្ថាន បាន និងកំពុងរុញច្រានឱ្យតាលីបង់កាន់តែស្និទ្ធស្នាលជាមួយឥណ្ឌា ដែលជាសត្រូវរបស់ប៉ាគីស្ថាន។

* តើស្ថានការណ៍អាចនឹងកាន់តែអាក្រក់ឡើង?
ជម្លោះប្រដាប់អាវុធកាលពីលើកមុនបានស្ងប់ស្ងាត់ទៅវិញ ក្រោយការវាយប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃ។ ក្រុមអ្នកជំនាញបាននិយាយថាភាគីទាំងសងខាងកំពុងស្ថិតក្នុងការទំនាក់ទំនងគ្នាយ៉ាងជាប់លាប់ជាសម្ងាត់ និងដោយប្រយោល។ ដោយឡែក សេចក្ដីថ្លែងការណ៍ពីក្រុមតាលីបង់ហាក់បង្ហាញថាពួកគេមិនចង់ឱ្យជម្លោះផ្ទុះរាលដាលកាន់តែធំនោះទេ។ ប៉ុន្តែក្រុមអ្នកជំនាញនៅតែបារម្ភពីការកើនឡើងជម្លោះដែលអាច បង្កទៅជាអស្ថិរភាពក្នុងតំបន់។ លោកស្រី Samina Ahmed ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Crisis Group បាននិយាយថា «ប៉ាគីស្ថានបានបញ្ជាក់ច្បាស់ៗថាខ្លួននឹងធ្វើសកម្មភាពជាថ្មី ប្រសិនបើ តាលីបង់បរាជ័យក្នុងការធ្វើសកម្មភាពប្រឆាំងនឹងមេដឹកនាំ និងក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន TTP នៅលើទឹកដីអាហ្វហ្កានីស្ថាន»។ លោកស្រីបន្ថែមថាទីក្រុងអ៉ីស្លាម៉ាបាដ និងទីក្រុងកាប៊ុលគួរតែ ចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាជាបន្ទាន់ ជាមួយការសម្របសម្រួលពីតួកគី កាតា និងអារ៉ាប៊ីសាអូឌីត៕