មន្ទីរសុខាភិបាលខេត្តព្រះវិហារ ទទួលអំណោយម៉ូតូចំនួន៣គ្រឿង ពីវិស័យឯកជន តាមរយៈអង្គការទស្សនៈពិភពលោក
27-02-2026 21:35
(ព្រះវិហារ)៖ ម៉ូតូចំនួន៣គ្រឿង ជាអំណោយរបស់ក្រុមហ៊ុន Grab តាមរយៈអង្គការទស្សនៈពិភពលោក ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Grab និងអង្គការទស្សនៈពិភពលោក ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់វិស័យសុខាភិបាលក្នុងខេត្តព្រះវិហារ។ លោកបញ្ជាក់ថា ម៉ូតូទាំង៣គ្រឿងនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការងារចុះអនុវត្តកម្មវិធីសុខាភិបាលសហគមន៍ ការចុះតាមដាន និងពង្រឹងសេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយាលឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកតែងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល ត្រូវធ្វើការទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍន៍ ហើយនិងវិស័យឯកជន ព្រោះថាដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន បានដើរតួយ៉ាងសំខាន់ជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើនស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។
លោក គួង ឡូ ថ្លែងបន្ថែមទៀតថា ការចូលរួមគាំទ្រពីក្រុមហ៊ុន Grab តាមរយៈអង្គការទស្សនៈពិភពលោកនាពេលនេះ បានចូលរួមលើកកម្ពស់សមត្ថភាពការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការបំពេញបេសកកម្មថែរក្សា និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ តំណាងអង្គការទស្សនៈពិភពលោក និងក្រុមហ៊ុន Grab បានបង្ហាញក្តីសង្ឃឹមថា អំណោយខាងលើនឹងរួមចំណែកដល់ការពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន និងធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព និងសមធម៌ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅខេត្តព្រះវិហារឲ្យកាន់តែរីកចម្រើន៕























