ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ជំរុញចុះមូលដ្ឋានឲ្យកាន់តែមានជម្រៅ និងប្រសិទ្ធភាពខិតខំដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា
27-02-2026 21:18
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានរៀបចំពិធីសន្និបាតបូកសរុបសកម្មភាពការងារ និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
ក្នុងរបាយការណ៍បូកសរុប បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរផ្សេងៗ ដោយផ្តោតសំខាន់លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោក ផៃ ប៊ុនឈឿន បានកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មារតីបម្រើប្រជាពលរដ្ឋ។ លោកក៏បានគូសបញ្ជាក់ថា ការចុះមូលដ្ឋានជាប្រចាំ គឺជាស្ពានភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដើម្បីធានាថា គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ ត្រូវបានអនុវត្តដល់គោលដៅ និងឆ្លើយតបតាមតម្រូវការពិតប្រាកដនៅមូលដ្ឋាន។
លោក ផៃ ប៊ុនឈឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តការងាររបស់ខ្លួនកន្លងមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងបានកែប្រែមុខមាត់ ខេត្តស្ទឹងត្រែង ឲ្យមានការរីកចម្រើនស្ទើរគ្រប់វិស័យ ស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ៧ ដែលបានដាក់ចេញឲ្យអនុវត្ត។
សម្រាប់ទិសដៅឆ្នាំ២០២៦ លោកក៏បានណែនាំឲ្យក្រុមការងារបន្តពង្រឹងការងារចុះមូលដ្ឋានឲ្យកាន់តែមានជម្រៅ និងប្រសិទ្ធភាព ខិតខំដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា បង្កើនការផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
លោក ផៃ ប៊ុនឈឿន បានអំពាវនាវឲ្យគ្រប់សមាសភាពក្រុមការងារ បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែករក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែង ឲ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តៗទៀត៕

















