ពលរដ្ឋភៀសសឹក ចំនួន៩០គ្រួសារ កំពុងស្នាក់នៅទីតាំងសុវត្ថិភាព ក្នុងស្រុកវាលវែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់
27-02-2026 21:14
(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋភៀសសឹកមកពីឃុំថ្មដា ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាព ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន៩០គ្រួសារ ត្រូវបានប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌មកចែកជូន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជួយសម្រួលជីវភាព ក្នុងគ្រាមានវិបត្តិសង្គ្រាមឈ្លានពាន។
លោកស្រី សិទ្ធ ណារ៉ាស៊ី សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំយកនូវការសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជូនចំពោះប្រជាពលរដ្ឋភៀសសឹក មកពីឃុំថ្មដា ហើយកំពុងស្នាក់បណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាព ក្នុងទីប្រជុំជនស្រុកវាលវែង ដែលនេះគឺជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គឺមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោកស្រី បានជម្រាបជូនថា ការផ្តល់ជំនួយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក៏ដូចបណ្តាអំណោយរបស់សប្បុរសជនផ្សេងៗនាពេលកន្លងមក ក៏ដូចនាពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយសម្រាលកង្វះខាតស្បៀងអាហារ សម្រាប់អ្នកដែលបាត់បង់មុខរបរ និងមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន។ ការផ្តល់ជូនអំណោយក្នុងថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ ដែលគាត់រងគ្រោះមកពីឃុំថ្មដា ដែលជាតំបន់ទទួលរងហានិភ័យពីការឈ្លានពាន របស់ទាហានសៀម មកស្នាក់នៅបណ្ដោះអាសន្ន ហើយពួកគាត់មួយចំនួន គឺបានបាត់បង់នូវលទ្ធភាពនៅក្នុងការរកប្រាក់ចំណូល និងមិនអាចត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញបាននៅឡើយ។
លោកស្រី សិទ្ធ ណារ៉ាស៊ី banបន្ថែមថា ដូច្នេះបានជាសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានព្យាយាមដោយនាំយកអំណោយទាំងនេះ ក្នុងការចូលរួមចំណែកបំពេញនូវកង្វះខាតរបស់ប្រជាពលរដ្ឋភៀសសឹក មានស្បៀង និងសម្ភារសម្រាប់ទទួលទានប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកស្រី សូមឱ្យប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរដែនដី ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល។ ស្ថិតក្នុងគ្រាលំបាកនាពេលកន្លងមក ក៏ដូចពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងរដ្ឋបាលថ្នាក់ក្រោមជាតិ តែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ណា ឱ្យនៅឯកោនោះឡើយ ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាពលរដ្ឋកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។
លោកស្រីបានចាត់ទុកថា ជំនួយទាំងអស់នេះ មិនអាចទទួលបានយូរអង្វែងនោះទេ គឺគ្រាន់តែជួយសម្រួលក្នុងរយៈពេលខ្លីប៉ុន្តែវាគឺជា «ទឹកចិត្ត» និង«ការផ្តល់តម្លៃ» ដល់ជីវិតមនុស្សជាតិ ដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពីពួកចោរសៀម ចង់បានទឹកដីកម្ពុជា ព្រមទាំងបានចែកជូនអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ជូនដល់ ប្រជាពលរដ្ឋភៀសសឹកទាំង៩០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស និងភេសជ្ជៈកន្លះកេស នាពេលនោះផងដែរ៕





















