FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចាត់ទុកសម្ដីផ្អែមល្ហែម និងការទទួលខុសត្រូវរបស់គ្រូពេទ្យ ជាឱសថដំបូងសម្រាប់ព្យាបាលផ្លូវចិត្តអ្នកជំងឺ

27-02-2026 21:11

(ព្រះវិហារ)៖ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានណែដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ត្រូវបន្តរក្សាឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ព្រោះសម្ដីផ្អែមល្ហែម និងការទទួលខុសត្រូវ គឺជាឱសថដំបូងសម្រាប់ព្យាបាលផ្លូវចិត្តអ្នកជំងឺ។

ការថ្លែងរបស់លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក តូច វង្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ឆ្លងតាមរយៈលទ្ធផល នៃការពិភាក្សាយ៉ាងផុសផុលក្នុងរយៈពេលមួយថ្ងៃកន្លះនេះ និងរបាយការណ៍បូកសរុបរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងដោយក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលមន្ទីរសុខាភិបាល សម្រេចបាន ទោះបីជាភូមិសាស្ត្រខេត្តព្រះវិហារ មានការលំបាក និងដាច់ស្រយាលយ៉ាងណាក៏ដោយ។

លោកអភិបាលរងខេត្ត បានលើកឡើងថា មណ្ឌលសុខភាពមួយចំនួននៅតាមតំបន់ព្រំដែន ត្រូវបានរងការបំផ្លិចបំផ្លាញ ហើយមន្ទីរពេទ្យបង្អែកជាំក្សាន្ត និងមណ្ឌលសុខភាពជាច្រើនកន្លែងទៀត ត្រូវបានបិទដំណើរការ បម្រើសេវាថែទាំសុខភាពទាំងស្រុង ខណៈដែលប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារាប់ម៉ឺនគ្រួសារ រួមទាំងគ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ពីមូលដ្ឋានសុខាភិបាលមករស់នៅ និងបម្រើសេវាថែទាំសុខភាពជាបណ្តោះអាសន្ននៅ តាមមណ្ឌលសុវត្ថិភាពនានា។

លោក ណុប វុធ្ធី ថ្លែងសង្កត់ធ្ងន់ថា ទោះប្រទេសជាតិឋិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក្រោមការដឹកនាំមានភាព ច្បាស់លាស់ពីសំណាក់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងបណ្តាថ្នាក់ដឹកនាំខេត្តផ្សេងៗទៀត ព្រមទាំងការដឹកនាំផ្ទាល់របស់លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំមន្ត្រីសុខាភិបាលឲ្យរៀបចំមានប៉ុស្តិ៍ សុខភាពនៅតាមមណ្ឌលសុវត្តភាព ដើម្បីថែទាំ ពិនិត្យ ព្យាបាល ជូនជនភៀសសឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះវិហារ ឲ្យកាន់តែរឹងមាំ និងឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ណុប វុធ្ធី បានចូលរួមផ្តល់ការណែនាំបន្ថែមចំនួន៤ចំណុច រួមមាន៖

*ទី១៖ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ បន្តរក្សា ឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ។ សូមចងចាំថា «សម្ដីផ្អែមល្ហែម និងការទទួលខុសត្រូវ គឺជាឱសថដំបូងសម្រាប់ព្យាបាលផ្លូវចិត្តអ្នកជំងឺ»

*ទី២៖ លើកកម្ពស់គុណភាព និងសមត្ថភាពបច្ចេកទេស៖ ត្រូវបន្តបណ្តុះបណ្តាលសមត្ថភាព ឲ្យទាន់បច្ចេកវិទ្យាពេទ្យទំនើបៗ និងធានាថាឧបករណ៍ពេទ្យដែលមានស្រាប់ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពបំផុត

*ទី៣៖ ធានាសមធម៌សុខាភិបាល៖ ត្រូវផ្តល់អាទិភាព និងយកចិត្តទុកដាក់បំផុត ដល់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងអ្នកមានបណ្ណសមធម៌ (IDPoor)។ ពួកគាត់ត្រូវតែ ទទួលបានការពិនិត្យ និងព្យាបាលដោយស្មើភាព ឆាប់រហ័ស និងគ្មានការរើសអើង

*ទី៤៖ អនាម័យ និងសោភ័ណភាពពេទ្យ៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតែជា កន្លែងដែលស្អាត មានអនាម័យ និងមានបរិស្ថានល្អ (Green Hospital) ដើម្បីផ្តល់ ភាពកក់ក្តៅ និងទំនុកចិត្តដល់អ្នកមកទទួលសេវា៕