មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដ ក្រោមការជំរុញឲ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រីកសេវាសុខាភិបាលកាន់តែមានសមធម៌
27-02-2026 21:05
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ ពិធីបិទនេះត្រូវបានធ្វើឡើង បន្ទាប់ពីអង្គសន្និបាតបានដំណើរការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងផុសផុលអស់រយៈពេលមួយថ្ងៃពេញ។
ថ្លែងក្នុងឱកាសនោះ លោក ស្រ៊ន សំឫទ្ធី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបាន នៃវិស័យសុខាភិបាល ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការធានានូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះនៃផលិតភាពសង្គម។ លោកបានលើកឡើងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងនោះ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។
លោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទូទាំងខេត្តស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងសេវាពិនិត្យព្យាបាលជំងឺជូនដល់ពលរដ្ឋបានយ៉ាងល្អប្រសើរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការនាំយកសេវាសុខាភិបាល ឲ្យកាន់តែកៀកជិតទៅនឹងមូលដ្ឋាន រួមចំណែកកាត់បន្ថយការលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាល។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន លោកផ្តល់អនុសាសន៍ណែនាំឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ឲ្យបានខ្ជាប់ខ្ជួនបំផុត។ លោកសង្កត់ធ្ងន់ថា វិជ្ជាជីវៈគ្រូពេទ្យ គឺជាវិជ្ជាជីវៈសង្គ្រោះជីវិត ដូច្នេះត្រូវមានចិត្តអត់ធ្មត់ ទន់ភ្លន់ រួសរាយរាក់ទាក់ និងមានមនសិការទទួលខុសត្រូវខ្ពស់ ចំពោះអ្នកជំងឺដោយមិនប្រកាន់វណ្ណៈ ឬឋានៈអ្វីឡើយ។ លើសពីនេះ មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងរួមសហការគ្នាជាធ្លុងមួយ ដើម្បីជំរុញឲ្យខេត្តស្ទឹងត្រែង កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។
លោកអភិបាលរងខេត្ត បានរំលឹកថា ការលើកកម្ពស់សុខភាពប្រជាជន គឺជាការវិនិយោគលើធនធានមនុស្ស ដែលជាទិសដៅចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ដូច្នេះលោកស្នើឲ្យមន្ទីរសុខាភិបាល ពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ ត្រូវផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។ ជាមួយគ្នានោះ ត្រូវបន្តគ្រប់គ្រង និងប្រើប្រាស់ធនធានដែលមានស្រាប់ទាំងថវិកា សម្ភារៈបរិក្ខារពេទ្យ និងឱសថ ប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថាការគ្របដណ្តប់សេវាសុខាភិបាលត្រូវបានពង្រឹង និងពង្រីកទៅដល់គ្រប់ខ្នងផ្ទះរបស់ប្រជាជននៅតាមជនបទដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែងទាំងមូល៕




















