FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានប្រុងប្រយ័ត្នខ្ពស់ចំពោះកម្ចីឯកជន ដែលមានការប្រាក់ថ្លៃខ្ពស់

27-02-2026 21:01

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានភាពប្រាកដប្រជា និងប្រុងប្រយ័ត្នខ្ពស់ចំពោះកម្ចីឯកជន ដែលមានការប្រាក់ថ្លៃខ្ពស់។ លោកអំពាវនាវបែបនេះ ក្នុងឱកាសជួបចំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភស្បៀងជូន ពលរដ្ឋដែលងាយរងហានិភ័យ ជនពិការចំនួន២០គ្រួសារ នៅក្នុងភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ និងកងកម្លាំងជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដានរាល់ម្ចាស់កម្ចីទាំងឡាយ ដែលមានការរំលោភបំពាន ឬកម្ចីមិនស្រប ឬខុសច្បាប់ទៅលើកូនបំណុល ត្រូវធ្វើការរាយការណ៍ ឬអន្តរាគមន៍បានទាន់ពេលវេលា ជៀសវាងមានការប៉ះពាល់ដល់សេដ្ឋកិច្ច ឬសុខុមាលភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ពីកម្ចីការប្រាក់កប់មេឃ ដែលផ្ទុយពីច្បាប់ជាធរមាន។ ជាពិសេសកូនបំណុល ត្រូវប្រើប្រាស់ថវិកា ឬកម្ចី ដែលទទួលបានឲ្យបានត្រឹមត្រូវតាមគោលដៅ ឬមានផែនការច្បាស់លាស់ ជៀសវាងនូវហានិភ័យណាមួយ ដែលនាំឲ្យខាតប្រយោជន៍ ឬកាន់តែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។

លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើការតាមដានសុខទុក្ខពលរដ្ឋ ហើយធ្វើការរាយការណ៍ឲ្យបានដូចភ្លៀងរលឹម និងស្នើសុំស្បៀង ឬសម្ភារប្រើប្រាស់ តាមតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងឆ្លើយតបឲ្យបានទាន់ពេលវេលាជាពិសេស គោលដៅអាទិភាពគ្រួសារងាយរងគ្រោះ គ្រួសារពិការ គ្រួសារវីរៈកងទ័ព និងជនភៀសសឹកជាដើម។ លើសពីណេះ មិនត្រូវធ្វើប្រហែស បណ្ដែតបណ្ដោយឲ្យគ្រួសារ ពលរដ្ឋណាម្នាក់ ដាច់ស្បៀងរហូតបាត់បង់ជីវិតដោយអាជ្ញាធរមូលដ្ឋានពុំបានដឹង ឬពុំបានជួយសង្គ្រោះនោះឡើយ។

ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវប្រើប្រាស់ប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រឲ្យអស់ពីលទ្ធភាព ដូចជាការទៅទទួលសេវាព្យាបាលពីមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២០គ្រួសារខាងលើ ក្នុងម្នាក់ៗទទួលបាននូវ ស្បៀងជាគ្រឿងឧបភោគបរិភោគមួយចំនួន៕