FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះថ្នាក់ចរាចរណ៍រថយន្ដ២គ្រឿងបុកគ្នា នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួសម្នាក់

27-02-2026 20:52

(ក្រចេះ)៖ រថយន្ដ២គ្រឿងបើកបរក្នុងល្បឿនលឿន បុកគ្នាពេញទំហឹងបានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១៨-៤១៩ ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបរ គឺប្រើប្រាស់ល្បឿនលឿន ដែលបង្កឡើងដោយរថយន្ដម៉ាក FORD RANGER RAPTOR ពណ៌ស ពាក់ផ្លាកលេខកម្ពុជា DEY.7878 បើកបរដោយឈ្មោះ ដាំ ពិទូ អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានស្លាប់នៅកន្លែងកើតហេតុ។

រថយន្តខាងលើបានធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុផ្លូវកោងខ្លាំង បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-2912 ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បើកបរដោយឈ្មោះ ងួន កេត អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិផ្កាក្ងោក ឃុំតាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានស្លាប់នៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ជួន សុខនៅ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (រងរបួសស្រាល)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានចុះទៅជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងធ្វើការវាស់វែង ចំពោះវត្ថុតាងរថយន្ដខូចធ្ងន់២គ្រឿង ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ។ ដោយឡែកសាកសព ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕