FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ដំណើរច្រើនម៉ឺនគីឡូម៉ែត្ររបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល១១ថ្ងៃ ដើម្បីពាក្យតែមួយម៉ាត់គឺ «សន្តិភាព»

27-02-2026 18:25

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងដំណើរទៅសហរដ្ឋអាមេរិក និងបន្តទៅទ្វីបអឺរ៉ុបបានបញ្ចប់ដោយជោគជ័យ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ប្រទេសតូចមួយ មិនអាចយកអាវុធ ទៅប្រកួតជាមួយអំណាចកម្លាំងបានទេ ប៉ុន្តែអាចយក «សន្តិភាព» និង «ច្បាប់» ទៅធ្វើឲ្យពិភពលោកបានឮ និងដឹងការពិត។ ដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក ហើយបន្តទៅស្វីស និងបែលហ្ស៊ិក នៃទ្វីបអឺរ៉ុប មិនមែនជាដំណើរពិធីការទូតសាមញ្ញទេ។ វាជាបេសកកម្ម «ស្វែងរកសន្តិភាព» ក្នុងចម្ងាយច្រើនម៉ឺនគីឡូម៉ែត្រដើម្បីឲ្យពិភពលោកឃើញថា កម្ពុជាកំពុងស្វែងរកយុត្តិធម៌ មិនមែនសង្គ្រាម។

* សម្លេងពីប្រុចសែល៖ កម្ពុជាមិនស្វែងរកជម្លោះ

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP ពីទីក្រុងប្រុចសែល សម្តេចបវរធិបតីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ «Cambodians need peace. We need to solve issues by peaceful means.» «ប្រជាជនកម្ពុជា ត្រូវការសន្តិភាព។ យើងត្រូវការដោះស្រាយបញ្ហាដោយមធ្យោបាយសន្តិភាព»។
ពាក្យមិនច្រើនទេ ប៉ុន្តែមានទម្ងន់ធំធេង។ នេះមិនមែនជាសម្តីការទូតធម្មតា ឬសេចក្តីអំពាវនាវដោយអារម្មណ៍ទន់ខ្សោយឡើយ។ វាជាការកំណត់ជំហរយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយថា កម្ពុជាមិនចង់ឲ្យជម្លោះព្រំដែនបំលែងទៅជាសង្គ្រាមឡើយ។

ក្នុងបរិបទដែលភាពតានតឹង អាចជំរុញឲ្យមានការប្រើអាវុធ ឬការឆ្លើយតបដោយអារម្មណ៍ជាតិនិយម ការបញ្ជាក់ថា «ប្រជាជនកម្ពុជា ត្រូវការសន្តិភាព» គឺជាការដាក់មនុស្សជាគន្លឹះកណ្តាលនៃសេចក្តីសម្រេចនយោបាយ។ សម្តីនេះបង្ហាញថា សម្រាប់កម្ពុជា សន្តិភាពមិនមែនជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនទេ ប៉ុន្តែជាអាទិភាពកំពូលជាគោលការណ៍ដែលលើសអ្វីទាំងអស់។

ការលើកឡើងថា “We need to solve issues by peaceful means” ក៏មានអត្ថន័យលើសពីការមិនប្រើអាវុធ។ វាសំដៅលើការទទួលស្គាល់ថា ជម្លោះត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ តាមកិច្ចព្រមព្រៀងដែលមានសុពលភាព និងតាមយន្តការដែលភាគីទាំងពីរបានយល់ព្រម។ នេះជាការផ្លាស់ប្តូរពី «អំណាចកម្លាំង» ទៅកាន់ «អំណាចគោលការណ៍»។

សម្រាប់ប្រទេសតូចមួយ ការជ្រើសរើសសន្តិភាព ក្នុងពេលមានសម្ពាធ មិនមែនជាសញ្ញានៃភាពខ្សោយទេ។ ផ្ទុយទៅវិញ វាជាការបង្ហាញពីភាពជឿជាក់លើភាពស្របច្បាប់របស់ខ្លួន និងលើសណ្តាប់ធ្នាប់អន្តរជាតិ។ កម្ពុជាកំពុងផ្ញើសារមួយទៅកាន់ពិភពលោកថា៖ ការការពារអធិបតេយ្យភាព មិនចាំបាច់ត្រូវធ្វើតាមផ្លូវសង្គ្រាមឡើយ វាអាចធ្វើតាមផ្លូវច្បាប់ និងសន្តិភាពបានដូចគ្នា។ ហើយនៅពេលសម្តេចបវរធិបតីថ្លែងថា ប្រជាជនកម្ពុជា «ត្រូវការសន្តិភាព» នោះគឺជាការរំលឹកថា ជម្លោះមិនប៉ះពាល់តែខ្សែបន្ទាត់លើផែនទីទេ វាប៉ះពាល់ដល់ជីវិត ការងារ អនាគត និងសុវត្ថិភាពរបស់មនុស្សពិតៗ។ ដូច្នេះសន្តិភាព មិនមែនជាស្លាកសញ្ញានយោបាយសម្រាប់ការឃោសនាទេ ប៉ុន្តែជាសេចក្តីត្រូវការដ៏ជាក់ស្តែងរបស់ប្រជាជនកម្ពុជា។

* ដំណើរ១១ថ្ងៃ៖ ពេលសន្តិភាព ត្រូវបំពេញការងារពលកម្ម

ក្នុងពិភពលោកសម័យថ្មី សន្តិភាព មិនកើតឡើងដោយសេចក្តីអំពាវនាវមួយប្រយោគ ឬសុន្ទរកថាមួយ លើវេទិកាណាមួយទេ។ សន្តិភាព គឺជាលទ្ធផលនៃការធ្វើការការរៀបចំ ការគិតជាយុទ្ធសាស្ត្រ និងការត្រូវជួបជាមួយមនុស្សត្រឹមត្រូវ លើវេទិកាត្រឹមត្រូវក្នុងពេលវេលាដ៏ត្រឹមត្រូវផងទៀត។ សន្តិភាព ដូចជាយុត្តិធម៌ គឺត្រូវការការបំពេញ «ពលកម្មនយោបាយ» មិនតិចជាងការបំពេញពលកម្មលើសមរភូមិទេ។ តែជំនួសឲ្យអាវុធ វាត្រូវការភាសាច្បាប់។ ជំនួសឲ្យការបាញ់គ្រាប់ វាត្រូវការការបង្កើតភាពស្របច្បាប់។

ដំណើរ ១១ថ្ងៃនេះ បានភ្ជាប់ «៣ វេទិកា» ឲ្យក្លាយជាយុទ្ធសាស្ត្រតែមួយមិនមែនជាកម្មវិធីដាច់ដោយឡែកនោះទេ ប៉ុន្តែជាប្លង់ការទូត ដែលមានទិសដៅច្បាស់លាស់៖
- នៅសហរដ្ឋអាមេរិក៖ ការចូលរួមក្រុមប្រឹក្សាសន្តិភាព Board of Peace មិនមែនជាការបង្ហាញខ្លួនបែបពិធីការទេ ប៉ុន្តែជាការដាក់កម្ពុជាលើវេទិកាដែលនិយាយអំពីសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ។ វាជាការបញ្ជាក់ថា កម្ពុជាជ្រើសរើសឈរនៅកន្លែងដែលសន្តិភាពជាគោលការណ៍ មិនមែនប្រើអំណាចកម្លាំង។
- នៅស្វីស៖ ការភ្ជាប់បញ្ហាកម្ពុជាទៅនឹងបេះដូងនៃអង្គការអន្តរជាតិ និងគំនិតច្បាប់ មនុស្សធម៌ មានន័យថា ជម្លោះព្រំដែន មិនត្រូវបានទុកឲ្យជាបញ្ហាទ្វេភាគីតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានដាក់ក្នុងរូបភាពគោលការណ៍សកល ការគោរពច្បាប់ Rule of Law, ច្បាប់មនុស្សធម៌ Humanitarian Law និងការគោរពអធិបតេយ្យភាព។
- នៅបែលហ្ស៊ិក ក្នុងក្រុងប្រុចសែល៖ ការនាំសារកម្ពុជា ទៅកាន់បេះដូងនយោបាយសហភាពអឺរ៉ុប និងវេទិកាសារព័ត៌មានអន្តរជាតិ គឺជាការធ្វើឲ្យជម្លោះមិនអាចត្រូវបានបកស្រាយដោយមួយភាគីតែម្ខាងបានទៀត។ វាជាការបង្កើតសម្ពាធភាពស្របច្បាប់ (legitimacy pressure) ដែលមិនចេញពីអាវុធ ប៉ុន្តែចេញពីការយល់ឃើញសាធារណៈ និងស្តង់ដារអន្តរជាតិ។

សម្រាប់ប្រទេសធំៗ ដែលមានអំណាចយោធាខ្លាំង និងបណ្តាញឥទ្ធិពលទូលំទូលាយ ដំណើរបែបនេះ អាចជាកម្មវិធីធម្មតា។ ប៉ុន្តែសម្រាប់ប្រទេសតូចមួយ ដែលកំពុងរងសម្ពាធលើបញ្ហាព្រំដែន វាជាសញ្ញាបង្ហាញថា កម្ពុជាមិនស្ងៀមមិនចូលរួមក្នុងការប្រកួតអាវុធ ប៉ុន្តែជ្រើសរើសប្រកួតលើវេទិកាច្បាប់ និងសន្តិភាព។ ក្នុងទស្សនវិជ្ជានយោបាយអន្តរជាតិ មានការប្រកួតប្រជែងពីរប្រភេទ៖ ការប្រើកម្លាំង និងការកសាងភាពស្របច្បាប់។ កម្លាំងអាចបង្កើតការគ្រប់គ្រងបណ្តោះអាសន្ន ប៉ុន្តែមានតែភាពស្របច្បាប់ប៉ុណ្ណោះដែលអាចបង្កើតការទទួលស្គាល់យូរអង្វែង។ ដំណើរ១១ថ្ងៃនេះ បង្ហាញថា កម្ពុជាកំពុងវិនិយោគលើប្រភេទអំណាចទីពីរ អំណាចដែលមើលមិនឃើញ ប៉ុន្តែមានទម្ងន់យូរអង្វែងជាងគ្រាប់កាំភ្លើង។ សន្តិភាព ក្នុងករណីនេះ មិនមែនជាការចុះចាញ់ឡើយ។ វាជាជម្រើសយុទ្ធសាស្ត្រ។ វាជាការជ្រើសរើសឈ្នះតាមច្បាប់ មិនមែនឈ្នះដោយអំណាចបណ្ដោះអាសន្នឡើយ។

* ក្រុមប្រឹក្សាសន្តិភាព Board of Peace៖ សេចក្តីសង្ឃឹមក្នុងពេលពិភពលោកកើតសង្គ្រាមច្រើន

សម្តេចបវរធិបតីបានបកស្រាយចំពោះសំណួរអំពីក្រុមប្រឹក្សាសន្តិភាព Board of Peace ថា វាមិនមែនជាវេទិកាអព្ភូតហេតុ ដែលអាចបញ្ចប់ជម្លោះក្នុងមួយយប់ឡើយ ប៉ុន្តែជាយន្តការបន្ថែមមួយ ដើម្បីពង្រឹងកម្លាំងសន្តិភាព ក្នុងពិភពលោកដែលមានសង្គ្រាមផ្ទុះឡើងជាច្រើនតំបន់។

“Board of Peace, we believe it is an addition to the existing multilateral organizations… with many wars have broken out everywhere, I think the more the better…”
«ក្រុមប្រឹក្សាសន្តិភាព យើងជឿជាក់ថា វាជាការបន្ថែមទៅលើអង្គការពហុភាគីដែលមានស្រាប់ ដែលអាចមាន ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅជុំវិញពិភពលោក។ អ្នកដឹងទេ… ដោយសារសង្គ្រាមជាច្រើនបានផ្ទុះឡើងគ្រប់ទីកន្លែង ខ្ញុំគិតថា កាន់តែច្រើនកាន់តែល្អ ប្រសិនបើអង្គការមានគោលដៅដូចគ្នា…»

ពាក្យ “the more the better” មិនមែនជាការលើកទឹកចិត្តឲ្យបង្កើតអង្គការច្រើនដោយគ្មានគោលដៅទេ ប៉ុន្តែជាការបញ្ជាក់ថា ក្នុងពេលដែលជម្លោះរាលដាលតាមតំបន់ និងសណ្តាប់ធ្នាប់អន្តរជាតិកំពុងរងសម្ពាធ សន្តិភាព ត្រូវការយន្តការច្រើនជាងមុន យន្តការដែលមានគោលបំណងដូចគ្នា គឺការការពារស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។ សម្រាប់កម្ពុជា ទស្សនៈនេះបង្ហាញថា សន្តិភាពមិនអាចផ្អែកលើវេទិកាតែមួយ ឬលើអំណាចមហាអំណាចតែមួយបានឡើយ។ វាត្រូវការបណ្តាញ (network) នៃស្ថាប័ន និងដៃគូ ដែលអាចបង្កើតសម្ពាធស្របច្បាប់ និងជំរុញឲ្យជម្លោះត្រូវដោះស្រាយតាមផ្លូវច្បាប់ មិនមែនតាមផ្លូវអាវុធ។

ក្នុងពេលដែលសង្គ្រាមកើតឡើងជាច្រើនកន្លែង ហើយប្រទេសតូចៗងាយរងគ្រោះបំផុត ការបន្ថែមវេទិកាសន្តិភាពមួយទៀត មិនមែនជាការធ្វើអោយរចនាសម្ព័ន្ធស្មុគស្មាញឡើយ ប៉ុន្តែជាការបន្ថែម “សន្លឹកការពារ” មួយទៀត សម្រាប់គោលការណ៍សន្តិភាព និងយុត្តិធម៌។ ពេលសន្តិភាពមានយន្តការច្រើន គោលការណ៍នៃការមិនប្រើកម្លាំង និងការគោរពអធិបតេយ្យភាព ក៏មានឱកាសត្រូវបានការពារខ្លាំងជាងមុនផងដែរ។

* មូលហេតុដែលពិភពលោកគួរចាប់អារម្មណ៍៖ ពេលជម្លោះព្រំដែនក្លាយជាជម្លោះលើគោលការណ៍

បើជម្លោះព្រំដែន ត្រឹមតែជម្លោះរវាងប្រទេសពីរ នោះពិភពលោក នឹងអាចនិយាយថា «ទៅចរចាគ្នាតែពីរនាក់ទៅ»។ ប៉ុន្តែពេលជម្លោះមួយពាក់ព័ន្ធនឹងការបាត់បង់ទឹកដី ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិជនស៊ីវិល ការរងគ្រោះលើបេតិកភណ្ឌវប្បធម៌ (ប្រាសាទបុរាណខ្មែរ)។ នោះវាមិនមែនជាជម្លោះធម្មតាទេ វាជាការសាកល្បងថា តើពិភពលោកយកច្បាប់អន្តរជាតិទៅដាក់នៅកន្លែងណា?

សេចក្តីសន្និដ្ឋាន៖ ដំណើរ១១ថ្ងៃរបស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មិនមែនជាការធ្វើដំណើរទូតធម្មតាទេ។ ដំណើរឆ្លងកាត់មហាទ្វីបនេះ អាចសង្ខេបបានក្នុងប្រយោគមួយ៖ កម្ពុជា កំពុងធ្វើឲ្យ «សន្តិភាព» ក្លាយជាអាវុធយុទ្ធសាស្ត្រ មិនមែនជាស្លាកសញ្ញាសម្រាប់តុសុន្ទរកថា។

នៅពេលសម្តេចបវរធិបតីថ្លែងថា “Cambodian needs peace” នោះមិនមែនជាសម្តីនៃភាពអស់សង្ឃឹម ឬការសុំអាណិតឡើយ។ វាជាការបញ្ជាក់ពីការយល់ដឹងយ៉ាងច្បាស់ថា សង្គ្រាមមិននាំឲ្យមានអ្នកឈ្នះពិតប្រាកដទេ វានាំឲ្យមានតែការបាត់បង់ដី បាត់បង់ជីវិត និងបាត់បង់អនាគត។ សម្រាប់ប្រទេសតូចមួយ ការជ្រើសរើសសន្តិភាព គឺជាការជ្រើសរើសការពារជាតិឲ្យបានយូរអង្វែង មិនមែនការចុះចាញ់អំណាចឡើយ។ ហើយនៅពេលកម្ពុជា នាំសារនេះឆ្លងទ្វីប ឆ្លងមហាសមុទ្រ ច្រើនម៉ឺនគីឡូម៉ែត្រ នោះវាមិនមែនត្រឹមតែជាសារទៅកាន់ភាគីជម្លោះប៉ុណ្ណោះទេ ប៉ុន្តែជាសំណួរមួយទៅកាន់សហគមន៍អន្តរជាតិទាំងមូល៖ តើសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាគោលការណ៍សកលសម្រាប់គ្រប់ប្រទេស ឬគ្រាន់តែជាស្តង់ដារ ដែលអនុវត្តចំពោះអ្នកខ្សោយ?

បើពិភពលោកជឿថា ច្បាប់អន្តរជាតិត្រូវអនុវត្តដោយស្មើភាព នោះការស្វែងរកយុត្តិធម៌របស់កម្ពុជា មិនមែនជារឿងតូច ឬជាបញ្ហាទ្វេភាគីតែមួយឡើយ។ វាជាការការពារគោលការណ៍មូលដ្ឋាន ដែលធានាឲ្យប្រទេសតូចៗទាំងអស់អាចរស់នៅក្នុងសណ្តាប់ធ្នាប់ដែលគោរពច្បាប់ ដោយមិនត្រូវបង្ខំឲ្យទទួលស្គាល់អំណាចកម្លាំងជាសេចក្តីពិត។ នៅក្នុងពិភពលោក ដែលជម្លោះកំពុងកើនឡើង ការជ្រើសរើសសន្តិភាព មិនមែនជាជម្រើសងាយស្រួលទេ ប៉ុន្តែវាជាជម្រើសដែលមានតម្លៃយូរអង្វែងជាងគេ។ ហើយដំណើរ ១១ថ្ងៃនេះ បានបង្ហាញថា កម្ពុជាជ្រើសរើសឈរនៅខាងសន្តិភាព និងច្បាប់ ដើម្បីឲ្យការពិតនិយាយខ្លាំងជាងអាវុធ៕