ក្រសួងកសិកម្ម ច្រានចោលការផ្សាយរបស់សារព័ត៌មាន The Nation Thailand ដែលថា កំណើនផលិតកម្មស្រូវរបស់កម្ពុជា ដោយសារកំណើនប្រើប្រាស់ជីគីមី
27-02-2026 16:55
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានច្រានចោលការផ្សាយរបស់សារព័ត៌មាន The Nation Thailand ដែលថា កំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា ដោយសារប្រើប្រាស់ជីគីមី។ នេះបើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។
បើតាមអ្នកនាំពាក្យរូបនេះ, នាថ្មីៗនេះ សារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាមេរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជី និងការប្រើប្រាស់ពូជស្រូវ Hybrid។ នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ «ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។
ក្រសួងកសិកម្ម ចាត់ទុកការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានគូសបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះដូចខាងក្រោម៖
* ការប្រើប្រាស់ពូជស្រូវ៖ កម្ពុជាមិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះទេ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើងពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ
*ការប្រើប្រាស់ជីកសិកម្ម និងកំណើនផលិតកម្មស្រូវ៖ ផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ១លានតោន ក្នុងឆ្នាំ២០២៥។ កំណើននេះបានកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះនិងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម។
ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចូលជីកសិកម្មរបស់កម្ពុជា មានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៥កន្លងមកនេះ៕

