FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសចរណ៍ស៊ីវិល បង្ហាញលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយ​ផ្តោតយកចិត្តទុកដាក់លើកិច្ចពិភាក្សាយុទ្ធសាស្ត្រអាទិភាពទាំង៦

27-02-2026 15:57

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ​ដោយបានប្រមូលធាតុចូលជារបាយការណ៍ពីគ្រប់បណ្តាអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល នាយកដ្ឋានសវនកម្ម និងអង្គភាពរុករកនិងសង្គ្រោះ ចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងវិស័យឯកជន។

តាមរយៈសន្និបាតនេះ ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ផ្តោតយកចិត្តទុកដាក់លើកិច្ចពិភាក្សាយុទ្ធសាស្ត្រអាទិភាពទាំង៦ រួមមាន៖ សេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស, ការពង្រឹងសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍, ការគ្រប់គ្រងប្រតិបត្តិការនិងសេវាកម្មអាកាសចរណ៍ស៊ីវិល, ការអភិវឌ្ឍហេដា្ឋរចនាសម្ព័ន្ធនិងការការពារបរិស្ថាន, ពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ, និងការអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្ថភាពស្ថាប័ន។

ក្នុងឆ្នាំ២០២៥កន្លងមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យអាកាសចរណ៍ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។

ក្នុងឆ្នាំ២០២៥ ដូចជា៖ទទួលបានលទ្ធផលទូទៅសំខាន់ៗរួមមាន៖​

- បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសសរុប៖ ៦,៩៨៨,២៥៩នាក់ (កើន១២% ប្រៀបធៀប២០២៤)
- បានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុប៖ ៩៣,៨៨៩តោន (កើន២១% ប្រៀបធៀបឆ្នាំ២០២៤)
- មានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលសរុប៖ ៣៦ក្រុមហ៊ុន
- បានភ្ជាប់ជើងហោះហើរទៅកាន់៖ ៥២ទីក្រុង និង១៨ប្រទេសរួមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ
- បានប្រមូលចំណូលជូនរដ្ឋសរុប៖ ៥១,២៦៧,៨៩១ដុល្លារអាម៉េរិក លើសផែនការ១.៣២%
- បានចុះបញ្ជីអាកាសយាននៅកម្ពុជា៖ ៣២គ្រឿង
- តាមរយៈការឆ្លើយនូវកម្រងសំណួររបស់ក្រុមហ៊ុននានា ដែលកំពុងបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានឱ្យដឹងថា៖ វិស័យឯកជនអាកាសចរណ៍ស៊ីវិលកម្ពុជា បានចូលរួមចំណែកផ្តល់ការងារដោយផ្ទាល់ចំនួន ៤,៤៧១នាក់ ក្នុងនោះស្ត្រីមាន ១,៩៤៧នាក់ ស្មើនឹង៤៤% និងបុរសមាន ២,៥២៤នាក់ ស្មើនឹង៥៦%, ផ្តល់ការងារជាជំនាញបច្ចេកទេសអាកាសចរណ៍ស៊ីវិលសរុប៖ ១,៨៨០នាក់, ផ្តល់ការងារជាអ្នកបើកអាកាសយាន(Pilots)សរុបចំនួ​ន ១៣៥នាក់
និងនាំមកប្រាក់ចំណូលប្រតិបត្តិការអាជីវកម្មដោយផ្ទាល់ជិត ៦០០លានដុល្លារសហរដ្ឋអាម៉េរិក។

សន្និបាត បានទទួលលទ្ធផលសំខាន់ៗ រួមមាន៖

ទី១៖អង្គសន្និបាត បានទទួលស្គាល់វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់លើការងារដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ក្នុងការចូលរួមចំណែកដល់ វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ធ្វើដំណើររបស់ប្រជាជន និងការផ្លាស់ប្តូរវប្បធម៌។

ទី២៖ អង្គសន្និបាត បានវាយតម្លៃយ៉ាងខ្ពស់លើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានចូលរួមអនុវត្តប្រកបទៅដោយការទទួលខុសត្រូវខ្ពស់លើ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ទី៣៖ អង្គសន្និបាត មានការរំពឹងទុកជាវិជ្ជមាន លើការរីកចម្រើប្រកបទៅដោយភាពធននៃវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា នៅឆ្នាំ២០២៦ខាងមុខ ដោយក្នុងនោះ នឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន៨លាននាក់ ដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន១១២ពាន់តោន និងជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌ ក៏ដូចជានឹងនាំមកនូវសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ស៊ីវិលប្រសើរថែមទៀត ដោយសារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និងការកសាងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាពនិងសន្តិសុខ ត្រូវបានពង្រឹងជាបន្តបន្ទាប់, មានធនធានមនុស្សជាមន្ត្រីក្មេងៗ និងមានបច្ចេកទេសអាកាសចរណ៍ស៊ីវិលកាន់តែច្រើនឡើងថែមទៀតចូលរួមអនុវត្តការងារ ដោយសារមានវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល និងសាលាបណ្តុះបណ្តាល អាកាសចរណ៍ស៊ីវិលឯកជនផ្សេងៗ ដែលកំពុងដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈអាកាសចរណ៍ពិតប្រាកដ និងឱ្យកាសបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសពីបរទេសផងដែរ, នឹងកសាងបរិស្ថានអាកាសចរណ៍ស៊ីវិលកាន់តែប្រសើរជាងមុន តាមរយៈការកសាងផែនទីវិថីនៃ ចីរភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងឆ្នាំ២០២៦នេះ។

ទី៤៖ អង្គសន្និបាត បានសម្រេចដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន៦០ ដែលក្នុងនោះមាន២០ទិសដៅការងារថ្មី និង៤០ទិសដៅការងារអនុវត្តបន្ត ដើម្បីអនុវត្តក្នុងឆ្នាំ២០២៦។

ទី៥៖ អង្គសន្និបាត បានឯកភាពទាំងស្រុងលើទិសដៅការងារអាទិភាពទាំងចំនួន៦០ ទៅអនុវត្តលើយុទ្ធសាស្រ្តស្នូលចំនួន៦ រួមមាន សេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស, ការពង្រឹងសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍, ការគ្រប់គ្រងប្រតិបត្តិការនិងសេវាកម្មអាកាសចរណ៍ស៊ីវិល, ការអភិវឌ្ឍហេដា្ឋរចនាសម្ព័ន្ធនិងការការពារ បរិស្ថាន, ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ, និងការអភិវឌ្ឍធនធានមនុស្សនិងការពង្រឹងសមត្ថភាពស្ថាប័ន ដែលជាសសរស្តមនៃផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៥-២០៣០។

ទោះបីជាយ៉ាងណា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅតែមានកត្តាប្រឈមជាច្រើននិងជារួម ហើយត្រូវរួមគ្នាដោះស្រាយផងដែរ ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបនឹងឆ្នាំ២០១៩ មិនទាន់បានវិលត្រឡប់ដូចដើមវិញនៅឡើយទេ ទោះបីជាជំងឺកូវីដ-១៩ បានផុតរលត់ក៏ដោយ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងបរិបទនៃការវិវត្តឥតឈប់ឈរនៃសេដ្ឋកិច្ច នយោបាយ សន្តិសុខពិភពលោក ដែលបានជះឥទ្ធិពលមកលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារតែភាពមិនច្បាស់លាស់ពិភពលោករវាងឯកតោភាគីនិយមនិងពហុភាគីនិយម ការអូសបន្លាយសង្គ្រាមតំបន់មជ្ឈិមបូព៌ា និង សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាពិសេសការគំរាមកំហែងចំពោះអធិតេយ្យភាពជាតិកម្ពុជាជាដើម​៕