ក្រសួងការងារ និងសហព័ន្ធសហជីពអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ
27-02-2026 14:51
(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ITUC-AP) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់ សេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈនៅកម្ពុជា ឱ្យកាន់តែប្រសើរ នៅទីស្តីការក្រសួង។
នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ITUC-AP នាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈឱ្យស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងបរិបទសង្គមកម្ពុជា។ កិច្ចសហការនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈ ព្រមទាំងបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ។
ជាការឆ្លើយតប លោក Shoya Yoshida បានប្តេជ្ញាបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅលើកកម្ពស់វិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់កម្មករនិយោជិត និងលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន និងអនាគត។
ជាថ្មីម្ដងទៀត លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះភាគី ITUC-AP សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ព្រមទាំងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធល្អៗលើវិស័យការងារ។ លោកស្រីក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូដ៏សំខាន់រវាងក្រសួង និង ITUC-AP នឹងបន្តរីកចម្រើន និងរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា៕




