ក្រោយមានការស្នើរបស់សម្តេចតេជោ ហ៊ុន សែន, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចលុបសេចក្តីជូនដំណឹង ដែលហាមកីឡាករត្រកូល «អេ» ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ (Video inside)
27-02-2026 14:04
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចលុបសេចក្តីជូនដំណឹងលេខ ០៤០/២០២៦ ស.គ.ខ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការផ្អាកការចាប់គូប្រកួត កីឡាករ គុនខ្មែរ ២រូប រួមមាន ១៖ កីឡាករ អេ វិរៈខាំឈិតភូថង និង២៖ កីឡាករ អេអាំ ម៉ារីនភូថង។
ការលុបនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសារតាមបណ្តាញសង្គម ដោយស្នើសហព័ន្ធកីឡាប្រដាល់គុណខ្មែរ លុបសេចក្តីជូនដំណឹង ដែលហាមកីឡាករត្រកូល «អេ» ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ ដោយរង់ចាំដោះស្រាយ ក្រោយប្រកួតនៅក្រៅប្រទេសរួច។
សេចក្តីដូចបានជម្រាបជូនខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមលោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសហការអនុវត្ត តាមការគួរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសអំពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ សម្រាប់កីឡាករ ២រូប ក្រោមហេតុផលថាជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។ កីឡាករទាំងពីររូបនោះរួមមាន៖
១៖ អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង កីឡាករគុនខ្មែរ
២៖ នាយឯក អេ អាំម៉ារីនភូថង កីឡាករគុនខ្មែរ៕

