FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីក្រសួងសេដ្ឋកិច្ច៖ នៅក្នុងបរិបទនៃការវិវត្តសេដ្ឋកិច្ចសកលនាសតវត្សរ៍ទី២១ ពឹងផ្អែកជាសំខាន់លើចំណេះដឹង និងគំនិតច្នៃប្រតិដ្ឋ

27-02-2026 14:01

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី «ទស្សនាទាន និងសញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ចែករំលែកចំណេះដឹងជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។

សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោក អ៉ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយវាគ្មិនកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតសរុប ១២០រូប។

ថ្លែងនាឱកាសនោះលោក អ៉ឹម សុខធី បានជម្រាបជូនអង្គពិធីពីសារៈសំខាន់នៃសេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Creative Economy) ដែលជាប្រភពនៃកំណើនថ្មី សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញជាគោលនយោបាយលើកទឹកចិត្ត ការផ្តល់មូលនិធិ និងការកសាងនិងបណ្តុះបណ្តាលមូលធនមនុស្សជាដើម។

លោក អ៉ឹម សុខធី បានបញ្ជាក់ដែរថា នៅក្នុងបរិបទនៃការវិវត្តសេដ្ឋកិច្ចសកលនាសតវត្សរ៍ទី២១, ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ច​យ៉ាងស៊ីជម្រៅ ពីការពឹងផ្អែកលើធនធានធម្មជាតិ និងកម្លាំងពលកម្មសុទ្ធសាធ (labor-intensive) មកជាការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និង គំនិតច្នៃប្រតិដ្ឋ (Knowledge-based and creative economy) ។

លោកបានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា ទោះបីជាប្រទេសដែលសម្បូរទៅដោយមរតកវប្បធម៌, ប្រវត្តិសាស្ត្រ និងមានប្រជាសាស្ត្រវ័យក្មេង​ពោរពេញដោយថាមវ័ន្ត, ប៉ុន្តែការទាញយកសក្តានុពលពីទាយជ្ជទាន​ធនធាន (factor endowment) ទាំងនេះ​ ក្នុងទម្រង់ជាសេដ្ឋកិច្ចច្នៃប្រតិដ្ឋ នៅមានកម្រិតនៅឡើយ។

នាឱកាសនោះដែរលោក ប៊ុន ឆាយ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះត្រូវបានអនុវត្តក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអង្គភាពទាំងពីរបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសជូននិស្សិត បុគ្គលិក និងសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ ក្នុងការស្វែងយល់ ស្វែងចេះពីកិច្ចការពាក់ព័ន្ធការអភិវឌ្ឍសហគ្រិនវ័យក្មេង និងការចូលរួមពង្រឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងធុរកិច្ច ជាដើម។

តាមរយៈកិច្ចសហការនេះសាកលវិទ្យាល័យ បានបញ្ជូននិស្សិតដែលមានសក្តានុពល ចូលរួមកម្មវិធីកសាងសមត្ថភាព ការបណ្តុះបណ្តាល សិក្ខាសាលា និងចូលរួមអនុវត្តការងារគម្រោងមួយចំនួនដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយជោគជ័យផងដែរ។

លោកបានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនេះ ជាការចូលរួមចំណែកបន្ថែមទៀត ក្នុងការបណ្តុះឆន្ទៈស្មារតី​សហគ្រិនភាព និងការនវានុវត្ត, ​កសាងមូលដ្ឋានគ្រឹះនៃការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ រួមនឹងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារ និងមុខរបរជាក់ស្តែងក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ សម្រាប់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕