មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បិទវគ្គបណ្តុះបណ្តាលស៊ីជម្រៅ ផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ
27-02-2026 12:09
(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)” ដែលជាកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅ ផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (Incident Response) ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ១៩ ក្រសួង-ស្ថាប័នរដ្ឋ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងស្ថាប័នហិរញ្ញវត្ថុនិងធនាគារ សរុបប្រមាណ ៣០រូប នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH) ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយគ្របដណ្តប់លើម៉ូឌុលសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះចំបងនៃការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។ វគ្គនេះ មិនត្រឹមតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែងថែមទាំងផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងការអនុវត្តអនុលោមភាព និងទិដ្ឋភាពច្បាប់ពាក់ព័ន្ធផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនឹងទទួលបាននូវសមត្ថភាពពេញលេញក្នុងការវាយតម្លៃ កំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការគំរាមកំហែង និងហានិភ័យឌីជីថលនានា។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធលើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕









