ព្រះរាជអាជ្ញាខេត្តតាកែវ ចុះផ្សព្វផ្សាយច្បាប់ក្រមព្រហ្មទណ្ឌដល់ប្រជាពលរដ្ឋ ក្នុងស្រុកត្រាំកក់
27-02-2026 10:40
(តាកែវ)៖ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជូនមេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ៤០០នាក់ នៅវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះ លោក ឯក ឆេងហួត បានលើកឡើងអំពីបញ្ហាសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងសង្គម ដូចជា ទំនាស់ដីធ្លី ការរំលោភលើអំណាចមេបា បញ្ហាចរាចរណ៍ គ្រឿងញៀន និងបញ្ហាក្មេងទំនើង ដែលបញ្ហាទាំងអស់នេះប្រជាពលរដ្ឋមួយចំនួននៅតែមើលរំលង ហើយពេលខ្លះអាចនាំឲ្យមានការប្រព្រឹត្តបទល្មើស ដោយមិនដឹងខ្លួនថែមទៀតផង។
លោកបានអំពាវនាវដល់មន្ត្រីអាជ្ញាធរ គ្រូបង្រៀន និងព្រះសង្ឃ ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានសាមគ្គីភាពនៅក្នុងស្ថាប័នរបស់ខ្លួន និងមិនត្រូវប្រើប្រាស់អំណាចផ្ទាល់ខ្លួនផ្ទុយ ឬលើសពីអ្វីដែលច្បាប់បានកំណត់ឡើយ ក្នុងនោះលោកគ្រូ អ្នកគ្រូ និងគណៈកម្មការវិន័យសាលារៀនឲ្យយកចិត្តទុកដាក់ តាមដានសិស្សដែលជាមុខសញ្ញាក្មេងទំនើង និងត្រូវត្រួតពិនិត្យហាមឃាត់ ការនាំយកអាវុធដូចជា ដាវ កាំបិត ស្នាប់ដៃ ជំពាមកៅស៊ូ ឬឧបករណ៍ផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់មកក្នុងសាលារៀន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការអប់រំ ណែនាំ ដាក់វិន័យ ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធី។
លោកព្រះរាជអាជ្ញាក៏បានលើកឡើងអំពីយុទ្ធនាការរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការពន្លឿនចំណាត់ការសំណុំរឿង ឲ្យបានឆាប់រហ័ស និងការលើកទឹកចិត្ត ឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្របសម្រួល និងផ្សះផ្សា នៅមូលដ្ឋាន ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង និងពង្រឹងភាពសុខសន្តិភាពក្នុងសង្គម៕









