ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជំរុញម៉ាឡេស៊ីមកវិនិយោគវិស័យសុខាភិបាលនៅកម្ពុជា ខណៈពលរដ្ឋកម្ពុជាងាកគាំទ្រសេវាព្យាបាលនៅម៉ាឡេស៊ីច្រើន
27-02-2026 10:37
(ម៉ាឡេស៊ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Datuk Seri Dr.Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងទីក្រុងគួឡាឡាំពួរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាង ម៉ាឡេស៊ី និងកម្ពុជា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការផ្លាស់ប្តូររបស់ប្រជាជនកម្ពុជា ក្នុងការស្វែងរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមកប្រជាជនកម្ពុជាភាគច្រើនតែងតែទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែនាពេលថ្មីៗនេះ ដោយសារមានបញ្ហារវាងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាជនកម្ពុជាបានធ្វើពហិការ ឈប់ទៅព្យាបាលជំងឺនៅប្រទេសថៃ និងឈប់ប្រើប្រាស់ផលិតផលរបស់ថៃផងដែរ ដោយពួកគាត់បានងាកមកពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ីវិញ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា មូលហេតុដែលប្រជាជនកម្ពុជាសម្រេចចិត្តទៅទទួលសេវាសុខាភិបាលនៅប្រទេសម៉ាឡេស៊ី ព្រោះមានសេវាកម្មល្អ មានតម្លៃសមរម្យ បើប្រៀបធៀបជាមួយប្រទេសជិតខាង។
លោកបានបន្ថែមថា ទោះបីជាសេវាសុខាភិបាលនៅប្រទេសម៉ាឡេស៊ីមានតម្លៃសមរម្យ ប៉ុន្តែការចំណាយបន្ថែមផ្សេងៗដូចជា ការស្នាក់នៅ ការធ្វើដំណើរទិញសំបុត្រយន្តហោះទៅមក ធ្វើឲ្យការចំណាយសរុប សម្រាប់ការព្យាបាល នៅប្រទេសម៉ាឡេស៊ីមានតម្លៃខ្ពស់គួរសមផងដែរ ក្នុងន័យនេះ លោកបានស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ជំរុញឲ្យវិស័យឯកជន ក្នុងវិស័យសុខាភិបាលម៉ាឡេស៊ី ពិនិត្យ និងសិក្សាពីលទ្ធភាពនៃការវិនិយោគក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជាផ្ទាល់តែម្តង ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការអនុគ្រោះជាច្រើនដល់អ្នកវិនិយោគផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី និងបានទទួលយកសំណើរបស់ទេសរដ្ឋមន្ត្រី ដោយបានសន្យាថា នឹងធ្វើការងារនេះជាមួយស្ថាប័នឯកជន ក៏ដូចជាមន្ទីរពេទ្យឯកជននានានៅក្នុងប្រទេសម៉ាឡេស៊ី មកសិក្សាពីឱកាសវិនិយោគក្នុងការបើកមន្ទីរពេទ្យ ឬមន្ទីរព្យាបាលនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ផងដែរ៕
