FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំបន្ថែមទៀត

27-02-2026 10:35

(ម៉ាឡេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី (MATRADE ) ក្នុងទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីកៀរគរវិនិយោគិនម៉ាឡេស៊ី មកសិក្សាឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ បានផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាង ម៉ាឡេស៊ី និងកម្ពុជា ដែលកំពុងបន្តបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំង។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងកម្មវិធី MIHAS Kuala Lumpur ដែលតែជាវេទិកាដ៏សំខាន់សម្រាប់ពាណិជ្ជកម្មហាឡាល (Halal) សកល។

លោកប្រធាន MATRADE បានឲ្យដឹងថា MIHAS 2025 បានកត់ត្រានូវចំនួនស្តង់សរុប ២,៤០០ និងបង្កើតការលក់បានចំនួន ៦.០៥ ពាន់លានរីងហ្គីត។ ការចូលរួមរបស់អ្នកតាំងពិព័រណ៍កម្ពុជា ពិតជាគួរឲ្យមោទនៈ ដោយទទួលបានចំណាត់ថ្នាក់ទី៣ ក្នុងចំណោមអ្នកតាំងពិព័រណ៍អន្តរជាតិ ជាមួយនឹងការលក់សរុបចំនួន ៤៨.៨ លានរីងហ្គីត។

ភាគីទាំងពីរមានទំនុកចិត្តយ៉ាងមុតមាំថា ទំនាក់ទំនងយុទ្ធសាស្ត្រនេះ នឹងបន្តពង្រឹងបន្ថែមទៀត តាមរយៈវេទិកាពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាលឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

MATRADE គឺជាអង្គភាពរបស់រដ្ឋាភិបាល ម៉ាឡេស៊ីដែលបានបង្កើតឡើង ដើម្បីជំរុញ និងការអភិវឌ្ឍន៍នាំចេញផលិតផល និងសេវាកម្មរបស់ម៉ាឡេស៊ីទៅកាន់ទីផ្សារ អន្តរជាតិ។ MATRADE ជាអង្គភាពសំខាន់ ដែលជួយឲ្យសេដ្ឋកិច្ចម៉ាឡេស៊ីមានការរីកចម្រើន តាមរយៈការជំរុញនាំចេញ និងការតភ្ជាប់ពាណិជ្ជកម្មជាមួយពិភពលោក៕