FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា ចូលរួមផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្ដីពី ការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម លើកទី២

27-02-2026 10:35

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២។

ជាតំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ រៀបចំឡេីង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយលទ្ធផលនៃ នការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២។

របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី២ នេះ គឺត្រូវបានរៀបចំឡើង បន្ទាប់ពីការវាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី១ កាលពីឆ្នាំ២០១៦។

ឯកសារដ៏មានសារៈសំខាន់នេះគឺជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ដែលក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវអនុវត្តក្នុងការទប់ស្កាត់ និងបង្ក្រាប សកម្មភាពពាក់ព័ន្ធការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងលក្ខណៈបុរេសកម្ម និងមានការទទួលខុសត្រូវ។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពី លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងតំណាងក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២៥០រូប៕