ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិសារអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយសាសនិកឥស្លាមខេត្តកំពត និងខេត្តកែប
27-02-2026 10:07
(កំពត)៖ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិសារអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយសាសនិកឥស្លាមក្នុងខេត្តកំពត និងខេត្តកែប ដែលរៀបចំដោយ គ្លីនិក ម៉ើត ឌុលសេត សហការជាមួយគណៈអ៉ីម៉ំាខេត្តកំពត និងខេត្តកែប។ កម្មវិធីនេះ ធ្វើឡើងនៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាម មកពីរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តកែប ក្នុងនោះមានថ្នាក់ដឹកនាំខេត្ត ប្រធានអង្គការ សមាគម គ្រូបង្រៀនខ្មែរឥស្លាម ហាកឹម ព្រមទាំងភ្ញៀវអន្តរជាតិសរុប៣០០នាក់។
កម្មវិធីស្រាយបួសនេះ មានគោលបំណងបង្កើនចំណងមិត្តភាពរវាងសាសនិកឥស្លាមឲ្យកាន់តែរឹងមាំ ក្នុងឱកាសបុណ្យរ៉ម៉ាដាន ផ្តល់តម្លៃ បង្កើនចំណងមិត្តភាពជាមួយដៃគូសហការ សមាគមជាតិ និងអន្តរជាតិ ក្នុងគោលបំណងតែមួយគឺ កសាងសហគមន៍ឥស្លាមនៅកម្ពុជាឲ្យកាន់តែរឹងមាំ និងផ្តល់ស្នាមញញឹមដល់អ្នកតមអាហារ តាមរយៈការផ្តល់ជូនអាហារស្រាយបួសរួមគ្នា ដែលពោរពេញ ដោយស្នាមញញឹម និងសេចក្តីសប្បាយរីករាយ។
ក្នុងឱកាសមានមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានជួបបងប្អូនប្រជាពលរដ្ឋ គ្រូបង្រៀនខ្មែរឥស្លាម សារជាថ្មីម្តងទៀតក្នុងខែរ៉ាម៉ាឌន ហើយសង្ឃឹមថា អល់ឡោះទ្រង់នឹងទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាបងប្អូនសាសនិកឥស្លាមនៅបណ្តាប្រទេស នានាលើសាកលលោក។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលយើងទទួលបានពីការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺខិតខំថែរក្សាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជា ផងដែរ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានកោតសរសើរដល់គ្លីនិក ម៉ើត ឌុលសេត គណៈអ៉ីម៉ាំខេត្តកំពត កែប ក៏ដូចជាសមាគម Al Hilal Ummah Singapore ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ដែលឆ្លុះបញ្ចាំងពីស្មារតីចេះជួយគ្នា និងការចែករំលែកក្នុងសង្គម ក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋនេះ៕
